ទុតិយយោធាជីវសូត្រ

ក្បាលទី 28 · ទំព័រ 940

ម្នាលភិក្ខុទាំងឡាយ យោធាជីវៈ ៥ ពួកនេះ តែងមានប្រាកដ ក្នុងលោក ។ យោធាជីវៈ ៥ ពួក តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈពួកខ្លះក្នុងលោកនេះ កាន់ដាវ និងខែល សៀតធ្នូ និងបំពង់ព្រួញ ហើយចុះកាន់សង្រ្គាមដែលកំពុងប្រយុទ្ធកេកោគ្នា ។ យោធាជីវៈនោះ ខំព្យាយាម ខ្នះខ្នែងក្នុងសង្រ្គាមនោះ ពួកយោធាជីវៈដទៃក៏បៀតបៀនសង្កត់សង្កិន នូវយោធាជីវៈនោះ ដែលកំពុងតែខំព្យាយាមខ្នះខ្នែងបាន ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈពួកខ្លះក្នុងលោកនេះ មានសភាពយ៉ាងនេះឯង ម្នាលភិក្ខុ ទាំងឡាយ នេះជាយោធាជីវៈទី ១ តែងមានប្រាកដក្នុងលោក ។ ម្នាលភិក្ខុ ទាំងឡាយ មួយទៀត យោធាជីវៈពួកខ្លះក្នុងលោកនេះ កាន់ដាវ និងខែល សេតោធ្នូ និងបំពង់ព្រួញ ហើយចុះកាន់សង្រ្គាមដែលប្រយុទ្ធកេកោគ្នា ។ យោធាជីវៈនោះ ខំព្យាយាម ខ្នះខ្នែងក្នុងសង្រ្គាមនោះ ពួកយោធាជីវៈដទៃ ក៏ចាកនូវយោធាជីវៈនោះ ដែលកំពុងតែខំព្យាយាមខ្នះខ្នែងចាប់យកនូវ យោធាជីវៈនោះទៅ លុះចាប់យកទៅហើយ ក៏នាំយកទៅឲ្យដល់ពួកញាតិ ។ យោធាជីវៈនោះ កាលពួកញាតិដែលកំពុងនាំទៅ មិនទាន់ដល់ផ្ទះរបស់ខ្លួន ឬសម្នាក់របស់ពួកញាតិ ក៏ធ្វើនូវមរណកាលក្នុងពាក់កណ្តាលផ្លូវទៅ ។ ម្នាល ភិក្ខុទាំងឡាយ យោធាជីវៈពួកខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាយោធាជីវៈទី ២ តែងមានប្រាកដក្នុងលោក ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត យោធាជីវៈពួកខ្លះ ក្នុងលោកនេះ កាន់ដាវ និងខែល សៀតធ្នូ និងបំពង់ព្រួញ ហើយចុះកាន់សង្រ្គាមដែលប្រយុទ្ធកេកោ គ្នា ។