បឋមអនាគតសូត្រ
ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅព្រៃ កាលពិចារណាឃើញ នូវអនាគតភ័យ ៥ យ៉ាងនេះ ជាអ្នកមិនប្រមាទ មានព្យាយាមញ៉ាំងកិលេស ឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ទើបអាចដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ ។ ភ័យ ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ ជាអ្នកនៅព្រៃ ពិចារណាឃើញដូច្នេះថា ឥឡូវនេះ អាត្មាអញ នៅក្នុងព្រៃតែម្នាក់ឯង ពស់គប្បីចឹកអាត្មាអញក្តី ខ្ទួយគប្បីទិចអាត្មាអញក្តី ក្អែបគប្បីខាំអាត្មាអញក្តី ដែលនៅក្នុងព្រៃតែម្នាក់ឯង កាលកិរិយាគប្បីមាន ដល់អាត្មាអញដោយហេតុនោះ អន្តរាយនោះ គប្បីមានដល់អាត្មាអញមិន ខាន ។ បើដូច្នោះ អាត្មាអញប្រារព្ធនូវសេចក្តីព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិន ទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យ ជាក់ច្បាស់ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅព្រៃ កាលបើពិចារណាឃើញ នូវអនាគតភ័យទី ១ នេះហើយ ជាអ្នកមិនប្រមាទ មានព្យាយាម ញ៉ាំង កិលេសឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ទើបអាចដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួន មិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់នូវគុណវិសេស ដែលខ្លួនមិនទាន់បាន ធ្វើឲ្យជាក់ច្បាស់ ។