អដ្ឋកថាបឋមអនាគតសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមអនាគតសូត្រទី ៧ ដូចតទៅនេះ បទថា អារញ្ញកេន ប្រែថា ជាអ្នកនៅព្រៃ ។ បទថា អប្បត្តស្ស បានដល់ ដើម្បីដល់នូវគុណវិសេស មានឈាន វិបស្សនា និងមគ្គផល ដែលមិនទាន់ ដល់ ។ ក្នុងបទដ៏សេស ក៏មានន័យនេះដូចគ្នា ។ បទថា សោ មមស្ស អន្តរាយោ សេចក្តីថា អន្តរាយនៃជីវិត និងអន្តរាយនៃព្រហ្មចរិយៈនោះ គប្បី មានដល់អាត្មាអញ ។ អន្តរាយនៃសួគ៌ និងអន្តរាយនៃមគ្គ គប្បីមានដល់ភិក្ខុ ដែលធ្វើកាលកិរិយាទាំងបុថុជ្ជន ។ បទថា ហន្ទ ជានិបាត ចុះក្នុងអត្ថរបស់ ខ្លួនឯង ។ បទថា វីរិយំ អារភាមិ បានដល់ អាត្មាអញនឹងធ្វើសេចក្តីព្យាយាម ២ យ៉ាង ។ បទថា សត្ថកា បានដល់ ខ្យល់ដែលកាត់ទី-ត និងសរសៃ ដូចសស្រ្តា ។ បទថា វាឡេហិ ប្រែថា កាច ។ បទថា មាណវេហិ បាន ដល់ ចោរ ។ ក្នុងពាក្យថា កតកម្មេហិ វា អកតកម្មេហិ វា នេះ ចោរ ទាំងឡាយដែលធ្វើចោរកម្មហើយ ឈ្មោះថា ជាអ្នកធ្វើកម្មហើយ ជាអ្នកចេញ ទៅដើម្បីធ្វើចោរកម្ម ឈ្មោះថា ជាអ្នកមិនទាន់បានធ្វើកម្ម ។ បណ្តាចោរ ២ ពួកនោះ ពួកចោរដែលកាន់យកឈាមក្នុងបំពង់ករបស់សត្វទាំងឡាយ ធ្វើ ពលិកម្មដល់ទេវតា ឈ្មោះថា ធ្វើកម្មហើយ ព្រោះកម្មសម្រេចហើយ ពួក ចោរធ្វើនូវការបួងសួងជាមុន ដោយគិតថា កម្មរបស់យើង នឹងសម្រេចផល ដោយវិធីយ៉ាងនេះ ឈ្មោះថា មិនទាន់ធ្វើកម្ម ។ ទ្រង់សំដៅយកសេចក្តីនេះ ទើបត្រាស់ថា ចោរទាំងនោះគប្បីផ្តាច់ជីវិតអាត្មាអញ ដូច្នេះ ។ បទថា វាឡា អមនុស្សា បានដល់ ពួកអមនុស្សកាច មានយក្ខជាដើមដែលកាច ឃោរឃៅ ។