តតិយអនាគតសូត្រ
ម្នាលភិក្ខុទាំងឡាយ អនាគតភ័យនេះមាន ៥ យ៉ាង មិនទាន់ កើតឡើងក្នុងកាលឥឡូវនេះទេ នឹងកើតឡើងតទៅក្នុងខាងមុខ អ្នកទាំងឡាយ គួរដឹងច្បាស់ នូវអនាគតភ័យទាំងនោះ លុះដឹងច្បាស់ហើយ គួរព្យាយាមដើម្បី លះបង់ នូវអនាគតភ័យទាំងនោះចេញ ។ អនាគតភ័យ ៥ យ៉ាង តើដូចម្តេច ខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលដ៏យូរអង្វែងទៅក្នុងអនាគត ភិក្ខុទាំងឡាយ នឹងមិនបានចម្រើនកាយ មិនបានចម្រើនសីល មិនបានចម្រើនចិត្ត មិនបាន ចម្រើនបញ្ញាទេ បើភិក្ខុទាំងនោះ មិនបានចម្រើនកាយ មិនបានចម្រើនសីល មិនបានចម្រើនចិត្ត មិនបានចម្រើនបញ្ញាហើយ នឹងញ៉ាំងបុគ្គលដទៃឲ្យឧបសម្ប័ទ ភិក្ខុទាំងនោះឯង នឹងមិនអាចដើម្បីទូន្មាន ក្នុងអធិសីល អធិចិត្ត និង អធិបញ្ញាបានឡើយ ភិក្ខុទាំងនោះ នឹងមិនបានចម្រើនកាយ មិនបានចម្រើន សីល មិនបានចម្រើនចិត្ត មិនបានចម្រើនបញ្ញា កាលបើភិក្ខុទាំងនោះ មិនបាន ចម្រើនកាយ មិនបានចម្រើនសីល មិនបានចម្រើនចិត្ត មិនបានចម្រើនបញ្ញា ហើយ នឹងញ៉ាំងបុគ្គលដទៃឲ្យឧបសម្ប័ទ ភិក្ខុទាំងនោះឯង នឹងមិនអាចដើម្បី ទូន្មានក្នុងអធិសីល អធិចិត្ត និងអធិបញ្ញាបានឡើយ ភិក្ខុទាំងនោះ មុខជានឹង មិនបានចម្រើនកាយ មិនបានចម្រើនសីល មិនបានចម្រើនចិត្ត មិនបានចម្រើន បញ្ញាដែរ ។ ម្នាលភិក្ខុទាំងឡាយ ការខូចវិន័យព្រោះខូចធម៌ ការខូចធម៌ព្រោះ ខូចវិន័យ ដោយប្រការដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ នេះជាអនាគតភ័យ ទី ១ មិនទាន់កើតឡើងក្នុងកាលឥឡូវនេះទេ នឹងកើតឡើងតទៅក្នុងខាងមុខ អ្នកទាំងឡាយ គួរដឹងច្បាស់នូវអនាគតភ័យនោះ លុះដឹងច្បាស់ហើយ គួរ ព្យាយាមដើម្បីលះបង់នូវអនាគតភ័យនោះចោលចេញ ។