អដ្ឋកថាតតិយអនាគតសូត្រ

ក្បាលទី 28 · ទំព័រ 973

គប្បីជ្រាបវិនិច្ឆ័យក្នុងតតិយអនាគតសូត្រទី ៩ ដូចតទៅនេះ បទថា ធម្មសន្ទោសា វិនយសន្ទោសោ បានដល់ ការកាត់បង់នូវវិន័យ រមែងមាន ព្រោះខូចនូវធម៌ ។ សួរថា កាលធម៌ខូច វិន័យឈ្មោះថា ខូចដូចម្តេច ។ ឆ្លើយថា កាលធម៌ គឺសមថវិបស្សនាមិនតាំងគភ៌ វិន័យ ៥ យ៉ាង ក៏មិនមាន ។ កាលធម៌ខូចយ៉ាងនេះ វិន័យក៏ឈ្មោះថា ខូច ចំណែកសម្រាប់ ភិក្ខុទ្រុស្តសីល ឈ្មោះថា សំវរវិន័យមិនមាន កាលសំវរវិន័យនោះមិនមាន សមថៈ និងវិបស្សនាក៏មិនតាំងគភ៌ ។ ការខូចធម៌ ព្រោះខូចវិន័យ ក៏គប្បី ជ្រាបដោយន័យយ៉ាងនេះ ។ បទថា អភិធម្មកថំ បានដល់ កថាពោលដោយធម៌ដ៏ក្រៃលែង មាន សីលជាដើម ។ បទថា វេទល្លកថំ បានដល់ កថាលាយដោយញាណដែល ប្រកបដោយការដឹង ។ បទថា កណ្ហំ ធម្មំ ឱក្កមមានា បានដល់ ឈានចុះ កាន់កម្មចំណែកខ្មៅ ដោយការស្វែងរក ដោយការប្រណាំងប្រជែង ព្រោះ ស្វែងរកខុស ។ ម្យ៉ាងទៀត ភិក្ខុទាំងឡាយ វាយបុគ្គលដោយចិត្តប្រទូស្តក្តី សាងកម្មចំណែកខ្មៅនោះសម្រាប់ខ្លួនក្តី ពោលដើម្បីលាភសក្ការៈក្តី ឈ្មោះថា ឈានចុះកាន់ធម៌ចំណែកខ្មៅដូចគ្នា ។ បទថា គម្ភីរា បានដល់ ជ្រៅដោយបាលី ។ បទថា គម្ភីរត្ថា បាន ដល់ ជ្រៅដោយអត្ថ ។ បទថា លោកុត្តរា បានដល់ សម្តែងលោកុត្តរធម៌ ។ បទថា សុញ្ញតាបដិសំយុត្តា បានដល់ ប្រកបដោយខន្ធ ធាតុ អាយតនៈ និងបច្ចយាការ ។ បទថា ន អញ្ញាចិត្តំ ឧបដ្ឋបេស្សន្តិ ប្រែថា នឹងមិនតាំងចិត្ត ដើម្បីដឹង ។ បទថា ឧគ្គហេតព្វំ បរិយាបុណិតព្វំ បានដល់ គប្បីសិក្សា គប្បីរៀន ។ បទថា កវិកតា បានដល់ ដែលកវីតែងដោយចងជាពាក្យ ស្លោកជាដើម ។