ចតុត្ថអនាគតសូត្រ

ក្បាលទី 28 · ទំព័រ 975

ម្នាលភិក្ខុទាំងឡាយ អនាគតភ័យនេះមាន ៥ យ៉ាង មិនទាន់ កើតឡើងក្នុងកាលឥឡូវនេះទេ នឹងកើតឡើងតទៅក្នុងខាងមុខ អ្នកទាំងឡាយ គួរដឹងច្បាស់នូវអនាគតភ័យទាំងនោះ លុះដឹងច្បាស់ហើយ គួរព្យាយាមដើម្បី លះបង់នូវអនាគតភ័យទាំងនោះចេញ ។ អនាគតភ័យ ៥ យ៉ាង តើដូចម្តេច ខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលដ៏យូរអង្វែងទៅក្នុងអនាគត នឹងមាន ពួកភិក្ខុ ជាអ្នកប្រាថ្នាល្អក្នុងចីវរ កាលបើភិក្ខុទាំងនោះ ប្រាថ្នាល្អក្នុងចីវរហើយ មុខជានឹងលះបង់នូវបង្សុកូលិកធុតង្គ នឹងលះបង់នូវសេនាសនៈស្ងាត់ គឺដង ព្រៃ នឹងចូលទៅសម្រេចការនៅក្នុងស្រុក ក្នុងនិគម ឬក្នុងព្រះរាជធានីទាំងឡាយ មួយយ៉ាងទៀត នឹងដល់នូវការស្វែងរកដ៏មិនសមគួរ មានប្រការផ្សេងៗ ព្រោះហេតុតែចីវរ ។ ម្នាលភិក្ខុទាំងឡាយ នេះជាអនាគតភ័យទី ១ មិនទាន់ កើតឡើងក្នុងកាលឥឡូវនេះទេ នឹងកើតឡើងតទៅក្នុងខាងមុខ អ្នកទាំងឡាយ គួរដឹងច្បាស់នូវអនាគតភ័យនោះ លុះដឹងច្បាស់ហើយ គួរព្យាយាមដើម្បី លះបង់នូវអនាគតភ័យនោះចេញ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ក្នុង កាលដ៏យូរអង្វែងទៅក្នុងអនាគត នឹងមានពួកភិក្ខុ អ្នកប្រាថ្នាល្អក្នុងបិណ្ឌបាត កាលបើភិក្ខុទាំងនោះ ប្រាថ្នាល្អក្នុងបិណ្ឌបាតហើយ មុខជានឹងលះបង់បិណ្ឌបាតិកធុតង្គ នឹងលះបង់នូវសេនាសនៈស្ងាត់ គឺដងព្រៃចោលចេញ ហើយនឹង ចូលទៅសម្រេចការនៅក្នុងស្រុក ឬនិគម ឬក្នុងព្រះរាជធានីទាំងឡាយ មួយ យ៉ាងទៀត ( ភិក្ខុទាំងនោះ ) ស្វែងរកនូវរសទាំងឡាយដ៏ប្រសើរ ដោយ ចុងអណ្តាតហើយ នឹងដល់នូវការស្វែងរកដ៏មិនសមគួរ មានប្រការផ្សេងៗ ព្រោះហេតុតែបិណ្ឌបាត ។