អដ្ឋកថាចតុត្ថអនាគតសូត្រ

ក្បាលទី 28 · ទំព័រ 978

គប្បីជ្រាបវិនិច្ឆ័យក្នុងចតុត្ថអនាគតសូត្រទី ១០ ដូចតទៅនេះ បទថា កល្យាណកាមា ប្រែថា ជាអ្នកប្រាថ្នាល្អ ។ បទថា រសគ្គានិ បាន ដល់ រសដ៏កំពូល ។ បទថា សំសដ្ឋា វិហរិស្សន្តិ បានដល់ នៅលាយឡំ ដោយសំសគ្គៈ ៥ យ៉ាង ។ ក្នុងបទថា សន្និធិការបរិភោគំ បានដល់ បរិភោគរបស់ដែលជាសន្និធិ គឺសន្សំទុកខុសវិន័យ ។ ក្នុងបទថា ឱឡារិកំបិ និមិត្តំ នេះ ភិក្ខុជីកដីឯងក្តី ប្រើឲ្យគេជីកក្តី ឈ្មោះថា ធ្វើនិមិត្តគ្រោតគ្រាត ក្នុងផែនដី ។ ភិក្ខុកាត់ឯងក្តី ប្រើឲ្យអ្នកដទៃកាត់ក្តីនូវស្មៅ ឈើ មែកឈើ ស្លឹកឈើ ឈ្មោះថា ធ្វើនិមិត្តដ៏គ្រោតគ្រាតក្នុងរបស់មានពណ៌ខៀវ ។ ភិក្ខុឲ្យ គេកាន់យកស្លឹកឈើ និងបន្លែជាដើមទុកឯងក្តី ប្រើឲ្យអ្នកដទៃទុកក្តីនូវ ផ្លែឈើ ដើម្បីចិញ្ចឹមជីវិត ក៏មិនចាំបាច់ពោលឡើយ ។ ក្នុងសូត្រទាំង ៤ នេះ ព្រះសាស្តាត្រាស់នូវការចម្រើន និងការវិនាស ក្នុងព្រះសាសនា ។