រជនីយសូត្រ

ក្បាលទី 28 · ទំព័រ 980

ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ ៥ យ៉ាង រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទី សរសើររបស់សព្រហ្មចារីទាំងឡាយទេ ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ ។ គឺភិក្ខុ ត្រេកអរក្នុងអារម្មណ៍ជាទីត្រេកអរ ១ ប្រទូស្តក្នុងអារម្មណ៍ជាទីប្រទូស្ត ១ ភ័ន្តវង្វេងក្នុងអារម្មណ៍ជាទីភ័ន្តវង្វេង ១ ញាប់ញ័រក្នុងអារម្មណ៍ជាទីញាប់ញ័រ ១ ស្រវឹងក្នុងអារម្មណ៍ជាទីស្រវឹង ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងមិនជាទីស្រឡាញ់ មិនជាទី ពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយ ឡើយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈដែលប្រកបដោយធម៌ ៥ យ៉ាង រមែងជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរ របស់ សព្រហ្មចារីទាំងឡាយ ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ ។ គឺភិក្ខុមិនត្រេកអរក្នុង អារម្មណ៍ជាទីត្រេកអរ ១ មិនប្រទូស្តក្នុងអារម្មណ៍ជាទីប្រទូស្ត ១ មិនភ័ន្ត វង្វេងក្នុងអារម្មណ៍ជាទីភ័ន្តវង្វេង ១ មិនញាប់ញ័រក្នុងអារម្មណ៍ជាទីញាប់ញ័រ ១ មិនស្រវឹងក្នុងអារម្មណ៍ជាទីស្រវឹង ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើររបស់សព្រហ្មចារីទាំងឡាយ ។ ៥ គប្បីជ្រាបវិនិច្ឆ័យក្នុងរជនីយសូត្រទី ១ នៃថេរវគ្គទី ៤ ដូច្នេះ បទថា រជនីយេសុ បានដល់ ក្នុងអារម្មណ៍ទាំងឡាយ ដែលជាបច្ច័យបន្ថែម នូវរាគៈ ។ ក្នុងបទដ៏សេស ក្នុងទីនេះក៏ដូចគ្នា ។