កុហកសូត្រ

ក្បាលទី 28 · ទំព័រ 983

ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈប្រកបដោយធម៌ ៥ យ៉ាង រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយទេ ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ ។ គឺជាអ្នកប្រើ កិរិយាបំភ័ន្ត ១ ជាអ្នករួសរ៉ាវ ១ ជាអ្នកនិយាយឲ្យទំនង ១ ជាអ្នកមាន កលល្បិច ១ ជាអ្នកស្វែងលាភដោយលាភ ១ ។ ធម៌ ៥ យ៉ាងនេះឯង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈដែលប្រកបដោយធម៌ ៥ យ៉ាង រមែងជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយ ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ ។ គឺជាអ្នកមិនប្រើកិរិយាបំភ័ន្ត ១ ជាអ្នកមិនរួសរ៉ាវ ១ ជាអ្នកមិននិយាយឲ្យទំនង ១ ជាអ្នកមិនមានកលល្បិច ១ ជាអ្នកមិនស្វែងលាភដោយលាភ ១ ។ ធម៌ ៥ យ៉ាងនេះឯង ។ បេ ។ ៥