អដ្ឋកថាបឋមសេក្ខសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមសេក្ខសូត្រទី ៩ ដូចតទៅនេះ បទថា សេក្ខស្ស បានដល់ ភិក្ខុដែលនៅសិក្សានៅឡើយ គឺនៅមានកិច្ចដែល ត្រូវធ្វើ ។ បទថា បរិហានាយ បានដល់ ដើម្បីសាបសូន្យចាកគុណខាងលើ ។ សេចក្តីត្រេកអរក្នុងនវកម្ម គឺការកសាង ឈ្មោះថា កម្មារាមតា ។ សេចក្តីត្រេកអរក្នុងការសន្ទនាប្រាស្រ័យ ឈ្មោះថា ភស្សារាមតា សេចក្តី ត្រេកអរក្នុងការដេកលក់ ឈ្មោះថា និទ្ទារាមតា ។ ការត្រេកអរក្នុង ការច្រឡូកច្រឡំដោយពួក ឈ្មោះថា សង្គណិការាមតា ។ បទថា យថាវិមុត្តំ ចិត្តំ ន បច្ចវេក្ខតិ សេចក្តីថា មិនពិចារណាចិត្តតាមដែលរួចផុត ហើយ ពិចារណាដល់ទោសដែលខ្លួនលះបាន និងគុណដែលខ្លួនបានទាំងនោះ ហើយ រមែងមិនធ្វើសេចក្តីព្យាយាមដើម្បីបានគុណជាន់ខ្ពស់ទៀត ។ ក្នុងសូត្រ នេះ ត្រាស់ហេតុនៃការវិនាស និងហេតុនៃការចម្រើនដោយគុណខាងលើ របស់ព្រះសេក្ខៈ ៧ ពួក ដោយប្រការយ៉ាងនេះ ។ ឯប្រការណាជាហេតុនៃ ការវិនាសរបស់ព្រះសេក្ខៈ ប្រការនោះ ជាប្រការទី ១ របស់បុថុជ្ជនដូចគ្នា ដោយប្រការ ដូច្នេះ ។