អដ្ឋកថាទុតិយសេក្ខសូត្រ

ក្បាលទី 28 · ទំព័រ 999

គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយសេក្ខសូត្រទី ១០ ដូចតទៅនេះថា បទថា វិយត្ថោ បានដល់ ជាអ្នកអាច គឺឈ្លាស ។ បទថា កឹករណីយេសុ បានដល់ ក្នុងកិច្ចដែលគួរធ្វើយ៉ាងនេះ ។ បទថា ចេតោសមថំ បានដល់ សមាធិកម្មដ្ឋាន ។ បទថា អននុលោមិកេន បានដល់ ដែលមិនសមគួរ ដល់សាសនា ។ បទថា អតិកាលេន បានដល់ ព្រឹកពេក ។ បទថា អតិទិវា បានដល់ កន្លងកាលថ្ងៃត្រង់ ដែលហៅថា ពេលថ្ងៃទៅហើយ ។ បទថា អភិសល្លេខិកា បានដល់ ជាបដិបទាដុសខាត់កិលេសក្រៃលែង ។ បទថា ចេតោវិវរណសប្បាយា បានដល់ ជាសប្បាយដល់សមថៈ និង វិបស្សនា ពោល គឺធម៌ជាគ្រឿងបើកចិត្ត ។ បទថា អប្បិច្ឆកថា បានដល់ ពាក្យដែលពោលថា លោកទាំងឡាយ ជាអ្នកប្រាថ្នាតិច ។ បទថា សន្តុដ្ឋិកថា បានដល់ ពាក្យដែលពោលថា លោកទាំងឡាយជាអ្នកសន្តោសដោយបច្ច័យ ៤ ។ បទថា បវិវេកកថា បានដល់ ពាក្យដែលពោលថា លោកទាំងឡាយ ជាអ្នកស្ងាត់ដោយវិវេក ៣ ។ បទថា អសំសគ្គកថា បានដល់ ពាក្យដែល ពោលថា លោកទាំងឡាយជាអ្នកមិនច្រឡូកច្រឡំដោយការច្រឡូកច្រឡំ ៥ យ៉ាង ។ បទថា វីរិយារម្ភកថា បានដល់ ពាក្យដែលពោលថា លោក ទាំងឡាយប្រារព្ធសេចក្តីព្យាយាម ២ យ៉ាង ។ ក្នុងបទថា សីលកថា ជាដើម បានដល់ ពាក្យប្រារព្ធសីល សមាធិ បញ្ញា វិមុត្តិ ៥ យ៉ាង កថា ប្រារព្ធវិមុត្តិញ្ញាណទស្សនៈ ពោល គឺបច្ចវេក្ខណៈ ១៩ ឈ្មោះថា វិមុត្តិញ្ញាណទស្សនកថា ។ ក្នុងបទជាដើមថា ន និកាមលាភី សេចក្តីថា មិន បានតាមដែលខ្លួនប្រាថ្នា បានដោយលំបាក បានមិនបរិបូណ៌ ។ បទដ៏សេស ងាយយល់ទាំងអស់ហើយនោះឯង ។