សុតសូត្រ
ក្នុងអកុប្បសូត្រទី ៥ បទថា អកុប្បំ បានដល់ អរហត្ត ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងកាលបើ ធ្វើឲ្យថ្នឹក បានចម្រើននូវអានាបានស្សតិ រមែងបានត្រាស់ដឹងធម៌មិនកម្រើក យ៉ាងឆាប់រហ័ស ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ ជាអ្នកខ្វល់ខ្វាយតិច មានកិច្ចតិច គេចិញ្ចឹមងាយ សន្តោសល្អ ក្នុងបរិក្ខារជាគ្រឿងចិញ្ចឹមជីវិតទាំងឡាយ ១ ជាអ្នកមានអាហារតិច ប្រកបរឿយ ៗ នូវភាពជាអ្នកមានអាហារតិចក្នុងពោះ ( មិនល្មោភតែស៊ី ) ១ ជា អ្នកដេកលក់តិច ប្រកបការភាក់រពឫក ១ ជាអ្នកស្តាប់ច្រើន ចាំរបស់ដែល ឮហើយ ចាំមិនភ្លេចនូវរបស់ដែលឮហើយ ពួកធម៌ណាមានលម្អត្រង់ខាង ដើម មានលម្អត្រង់កណ្តាល មានលម្អត្រង់ខាងចុង ប្រកាសព្រហ្មចារ្យ ព្រមទាំង អត្ថ ទាំងព្យញ្ជនៈ បរិសុទ្ធពេញលេញអស់ជើង ធម៌មានសភាពដូច្នោះ ភិក្ខុនោះបានស្តាប់ធម៌មានសភាពយ៉ាងនោះច្រើន ចាំស្ទាត់រត់មាត់ យល់ ច្បាស់ដោយចិត្ត ចាក់ធ្លុះល្អដោយប្រាជ្ញា ១ បានពិចារណាចិត្ត ដែលផុត ស្រឡះហើយយ៉ាងណា ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង កាលបើធ្វើឲ្យថ្នឹកនូវអានាបានស្សតិហើយ រមែងត្រាស់ដឹងនូវ ធម៌ មិនកម្រើកយ៉ាងឆាប់រហ័ស ។