វេសារជ្ជករណសូត្រ

ក្បាលទី 29 · ទំព័រ 2

ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយជាគ្រឿងធ្វើឲ្យក្លៀវក្លារបស់ សេក្ខបុគ្គលនេះ មាន ៥ យ៉ាង ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសទ្ធា ១ មានសីល ១ បានស្តាប់ច្រើន ១ ប្រារព្ធព្យាយាម ១ មានប្រាជ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនមាន សទ្ធា មានសេចក្តីអេនោអន់ឯណា ភិក្ខុអ្នកមានសទ្ធា ឥតមានសេចក្តី អេនោអន់ នោះទេ ។ ព្រោះហេតុនោះ ធម៌នេះ ឈ្មោះថា ជាគ្រឿងធ្វើឲ្យក្លៀវក្លារបស់ សេក្ខបុគ្គល ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកទ្រុស្តសីល មានសេចក្តីអេនោអន់ ឯណា ភិក្ខុអ្នកមានសីលឥតមានសេចក្តីអេនោអន់នោះទេ ។ ព្រោះហេតុនោះ ធម៌នេះ ឈ្មោះថា ជាគ្រឿងធ្វើឲ្យក្លៀវក្លារបស់សេក្ខបុគ្គល ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកចេះដឹងតិច មានសេចក្តីអេនោអន់ឯណា ភិក្ខុអ្នកចេះដឹងច្រើន ឥតមានសេចក្តីអេនោអន់នោះទេ ។ ព្រោះហេតុនោះ ធម៌នេះ ឈ្មោះថា ជាគ្រឿង ធ្វើឲ្យក្លៀវក្លារបស់សេក្ខបុគ្គល ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកខ្ជិលច្រអូសមាន សេចក្តីអេនោអន់ឯណា ភិក្ខុអ្នកប្រារព្ធព្យាយាម ឥតមានសេចក្តីអេនោអន់ នោះទេ ។ ព្រោះហេតុនោះ ធម៌នេះ ឈ្មោះថា ជាគ្រឿងធ្វើឲ្យក្លៀវក្លារបស់ សេក្ខបុគ្គល ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកឥតប្រាជ្ញា មានសេចក្តីអេនោអន់ ឯណា ភិក្ខុអ្នកមានប្រាជ្ញា ឥតមានសេចក្តីអេនោអន់នោះទេ ។ ព្រោះហេតុនោះ ធម៌នេះ ឈ្មោះថា ជាគ្រឿងធ្វើឲ្យក្លៀវក្លារបស់សេក្ខបុគ្គល ។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាគ្រឿងធ្វើឲ្យក្លៀវក្លារបស់សេក្ខបុគ្គលមាន ៥ យ៉ាងនេះឯង ។