អដ្ឋកថា មហានាមសូត្រ ទី ៩
ក្បាលទី 29 · ទំព័រ 404
គប្បីជ្រាបវិនិច្ឆ័យក្នុងមហានាមសូត្រទី ១០ ដូចតទៅនេះ បទថា មហានាមោ បានដល់ សក្យរាជមួយអង្គដែលជាព្រះរាជឱរសនៃ ព្រះបិតុលារបស់ព្រះទសពល ។ បទថា យេន ភគវា តេនុបសង្កមិ សេចក្តីថា លោកសោយព្រះក្រយាហារព្រឹកហើយ ចោមរោមទៅដោយ ទាសៈ និងជនជាបរិវារ ឲ្យមនុស្សកាន់យកគ្រឿងក្រអូប និងផ្កាកម្រងជាដើម ហើយបានយាងទៅក្នុងទីដែលព្រះសាស្តាគង់ ។ អរិយសាវ័ក ឈ្មោះថា អាគតផលោ ព្រោះមានអរិយផលមកដល់ហើយ ។ ឈ្មោះថា វិញ្ញាតសាសនោ ព្រោះមានពាក្យប្រៀនប្រដៅ គឺសិក្ខា ៣ ដែលលោកដឹងច្បាស់ ហើយ ។ ព្រះរាជាអង្គនេះ កាលនឹងទូលសួរថា ខ្ញុំព្រះអង្គទូលសួរដល់ វិហារធម៌ ដែលជាទីអាស្រ័យរបស់ព្រះសោតាបន្ន ដូច្នេះ ទើបក្រាបទូល យ៉ាងនេះ ។