អដ្ឋកថាផាសុវិហារសូត្រ

ក្បាលទី 29 · ទំព័រ 14

គប្បីជ្រាបវិនិច្ឆ័យក្នុងផាសុវិហារសូត្រទី ៥ ដូចតទៅនេះ បទថា មេត្តំ កាយកម្មំ បានដល់ កាយកម្មដែលឲ្យប្រព្រឹត្តទៅដោយចិត្ត ប្រកបដោយ មេត្តា ។ បទថា អាវិ ចេវ រហោ ច បានដល់ ទាំងចំពោះមុខ និង កំបាំងមុខ ។ ក្នុងបទក្រៅអំពីនេះ ក៏មានន័យនេះឯង ។ បទថា យានិ តានិ សីលានិ ជាដើម ត្រាស់ដោយចតុប្បារិសុទ្ធិសីល ។ បទថា សមាធិសំវត្តនិកានិ បានដល់ ធ្វើឲ្យមគ្គសមាធិ និង ផលសមាធិកើតឡើង ។ បទថា សីលសាមញ្ញគតោ ប្រែថា ដល់នូវភាពជា អ្នកមានសីលស្មើគ្នា អធិប្បាយថា ជាអ្នកមានសីលដូចគ្នា ។ បទថា តក្ករស្ស បានដល់ ជាអ្នកធ្វើតាមការត្រិះរិះនោះ ។ ព្រះមានព្រះភាគត្រាស់ ការមានសីលស្មើគ្នា ត្រាស់ទិដ្ឋិវិបស្សនា និងសម្មាទិដ្ឋិក្នុងសូត្រនេះ ដោយ ប្រការដូច្នេះ ។