សីលសូត្រ
ក្បាលទី 29 · ទំព័រ 18
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកគួរ ទទួលគ្រឿងបូជា គួរទទួលអាគន្តុកទាន គួរទទួលទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកបរិបូណ៌ដោយសីល ១ បរិបូណ៌ដោយ សមាធិ ១ បរិបូណ៌ដោយបញ្ញា ១ បរិបូណ៌ដោយវិមុត្តិ ១ បរិបូណ៌ដោយ វិមុត្តិញ្ញាណទស្សនៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង នេះឯង ជាអ្នកគួរទទួលគ្រឿងបូជា គួរទទួលអាគន្តុកទាន គួរទទួលទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើររបស់សត្វលោក ។ ៥