អារញ្ញសូត្រ
ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ទើបគួរ អាស្រ័យសេនាសនៈស្ងាត់ ជាព្រៃដែលមិនមែនជាទីឧបចារៈរបស់មនុស្ស ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នក មានសីល ។ បេ ។ សមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ ១ ជាពហូសូត ។ បេ ។ ចាក់ធ្លុះល្អដោយប្រាជ្ញា ១ ជាអ្នកប្រារព្ធព្យាយាម ។ បេ ។ មានកម្លាំងប្រឹងប្រែង យ៉ាងខ្លាំង មិនបោះបង់ធុរៈក្នុងកុសលធម៌ទាំងឡាយ ១ ជាអ្នកបានតាមសេចក្តី ប្រាថ្នា បានមិនលំបាក បានមិនក្រ នូវឈានទាំង ៤ ដែលអាស្រ័យចិត្តដ៏ក្រៃលែង ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ១ ជាអ្នកបានចេតោវិមុត្តិ បញ្ញាវិមុត្តិដែល មិនមានអាសវៈ ព្រោះក្ស័យទៅនៃអាសវៈទាំងឡាយ ធ្វើឲ្យជាក់ច្បាស់ដោយប្រាជ្ញា ដ៏ក្រៃលែងខ្លួនឯងក្នុងបច្ចុប្បន្ន ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ទើបគួរអាស្រ័យសេនាសនៈស្ងាត់ ជាព្រៃដែលមិនមែនជាទី ឧបចារៈរបស់មនុស្ស ។ ផាសុវិហារវគ្គទី ១ ចប់ ឧទ្ទាននៃផាសុវិហារវគ្គនោះ គឺ ធម៌ធ្វើឲ្យអៀនអន់ ១ ភិក្ខុដែលគេរង្កៀស ១ ចោរ ១ សមណសុខុមាល ១ ជាគម្រប់ ៥ នឹងភិក្ខុនៅសប្បាយ ព្រះអានន្ទ ១ ភិក្ខុប្រកបដោយសីលជាដើម ១ ភិក្ខុ ប្រកបដោយសីលជាសេក្ខៈជាដើម ១ ភិក្ខុត្រាច់ទៅបាន ក្នុងទិសទាំងបួន ១ ភិក្ខុនៅក្នុងព្រៃ ១ ។