អន្ធកវិន្ទសូត្រ

ក្បាលទី 29 · ទំព័រ 28

សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងអន្ធកវិន្ទគ្រាម ក្នុងដែនមគធៈ ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយ ក្នុងទីដ៏សមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះ ដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ ភិក្ខុទាំងឡាយណា ទើបតែនឹង បួសថ្មី មកកាន់ធម៌វិន័យនេះ ក្នុងកាលឥឡូវនេះ ម្នាលអានន្ទ ភិក្ខុទាំងនោះ ត្រូវអ្នករាល់គ្នាឲ្យសមាទាន ឲ្យនៅអាស្រ័យ ឲ្យតាំងនៅស៊ប់ក្នុងធម៌ ៥ យ៉ាង ។ ក្នុងធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ គឺឲ្យសមាទាន ឲ្យនៅអាស្រ័យ ឲ្យតាំង នៅស៊ប់ ក្នុងបាតិមោក្ខសំវរសីល ដោយពាក្យថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយចូរមក ចូរជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈបរិបូណ៌ ដោយអាចារៈនិងគោចរៈ ឃើញនូវភ័យក្នុងទោសបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយដូច្នេះ ១ ឲ្យសមាទាន ឲ្យនៅអាស្រ័យ ឲ្យតាំងនៅស៊ប់ ក្នុងឥន្ទ្រិយសំវរៈដោយពាក្យថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ ចូរមក ចូរជាអ្នកគ្រប់គ្រងទ្វារក្នុងឥន្ទ្រិយទាំងឡាយ តាំងស្មារតីរក្សា ( ទ្វារ ) តាំង ស្មារតីប្រកបដោយញាណ ជាអ្នកមានចិត្តរក្សាស្មារតី ប្រកបដោយចិត្តរក្សា ស្មារតីដូច្នេះ ១ ឲ្យសមាទាន ឲ្យនៅអាស្រ័យ ឲ្យតាំងនៅស៊ប់ ក្នុងពាក្យសំដី ឲ្យមានទីបំផុត ដោយពាក្យថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ ចូរមក ចូរជាអ្នកមានពាក្យសំដីតិច ធ្វើពាក្យសម្តីឲ្យមានទីបំផុតដូច្នេះ ១ ឲ្យសមាទាន ឲ្យនៅអាស្រ័យ ឲ្យតាំងនៅស៊ប់ ក្នុងសេចក្តីស្ងប់កាយ ដោយពាក្យថា ម្នាល