អដ្ឋកថាអន្ធកវិន្ទសូត្រ
ក្បាលទី 29 · ទំព័រ 29
គប្បីជ្រាបវិនិច្ឆ័យក្នុងអន្ធកវិន្ទសូត្រទី ៤ ដូចតទៅនេះថា បទថា សីលវា ហោថ សេចក្តីថា ចូរជាអ្នកមានសីល ។ បទថា អារក្ខសតិនោ សេចក្តីថា ជាអ្នកប្រកបដោយសតិជាគ្រឿងរក្សា ។ បទថា និបកសតិនោ សេចក្តីថា មានសតិប្រកបដោយញាណ ជាគ្រឿង រក្សានោះឯង ។ បទថា សតារក្ខេន ចេតសា សមន្នាគតា សេចក្តីថា ប្រកបដោយ ចិត្ត មានគ្រឿងរក្សា គឺសតិ ។ បទថា អប្បភស្សា ប្រែថា និយាយ តែបន្តិចបន្តួច ។ បទថា សម្មាទិដ្ឋិកា សេចក្តីថា ប្រកបដោយសម្មាទិដ្ឋិ ៥ យ៉ាង គឺកម្មស្សកតា ១ ឈាន ១ វិបស្សនា ១ មគ្គ ១ ផល ១ ។ ម្យ៉ាងទៀត បច្ចវេក្ខណញ្ញាណក៏គប្បីជ្រាបថា ជាសម្មាទិដ្ឋិដូចគ្នា ។