មច្ឆរិយសូត្រ
ក្បាលទី 29 · ទំព័រ 30
ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីប្រកបដោយធម៌ ៥ យ៉ាងនឹងធ្លាក់ ទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេច ខ្លះ ។ គឺភិក្ខុនីកំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់គុណ ១ កំណាញ់ធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីប្រកបដោយ ធម៌ ៥ យ៉ាងនេះឯង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីប្រកបដោយធម៌ ៥ យ៉ាង នឹងទៅកើតក្នុងស្ថាន សួគ៌ដូចជាគេនាំយកទៅតម្កល់ទុក ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេច ខ្លះ ។ គឺភិក្ខុនីមិនកំណាញ់អាវាស ១ មិនកំណាញ់ត្រកូល ១ មិនកំណាញ់ លាភ ១ មិនកំណាញ់គុណ ១ មិនកំណាញ់ធម៌ ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីប្រកបដោយធម៌ ៥ យ៉ាងនេះឯង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេ នាំយកទៅតម្កល់ទុក ។