វណ្ណនាសូត្រ

ក្បាលទី 29 · ទំព័រ 31

ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីប្រកបដោយធម៌ ៥ យ៉ាងនឹងធ្លាក់ ទៅក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេច ខ្លះ ។ គឺភិក្ខុនីមិនពិចារណា មិនបានស្ទាបស្ទង់មើល ហើយសរសើរបុគ្គល ដែលមិនគួរសរសើរ ១ មិនបានពិចារណា មិនបានស្ទាបស្ទង់មើល ហើយ តិះដៀលបុគ្គលដែលគួរសរសើរ ១ មិនបានពិចារណា មិនបានស្ទាបស្ទង់មើល ហើយសម្តែងនូវសេចក្តីជ្រះថ្លា ក្នុងទីដែលមិនគួរជ្រះថ្លា ១ មិនបានពិចារណា មិនបានស្ទាបស្ទង់មើល ហើយសម្តែងនូវសេចក្តីមិនជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា ១ ធ្វើសទ្ធាទេយ្យវត្ថុឲ្យធ្លាក់ចុះ ១ ។ ដោយធម៌នេះឯង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីប្រកបព្រមដោយធម៌ ៥ យ៉ាង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេ នាំយកទៅតម្កល់ទុក ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ គឺភិក្ខុនី បានពិចារណាស្ទាបស្ទង់មើលរួច ទើបតិះដៀល បុគ្គលដែលគួរតិះដៀល ១ បានពិចារណា ស្ទាបស្ទង់មើលរួច ទើបសរសើរ បុគ្គលដែលគួរសរសើរ ១ បានពិចារណាស្ទាបស្ទង់មើលរួច ទើបសម្តែងនូវសេចក្តីមិនជ្រះថ្លា ក្នុងទីដែល មិនគួរជ្រះថ្លា ១ បានពិចារណា ស្ទាបស្ទង់មើលរួច ទើបសម្តែងនូវសេចក្តី ជ្រះថ្លា ក្នុងទីដែលគួរជ្រះថ្លា ១ មិនធ្វើសទ្ធាទេយ្យវត្ថុឲ្យធ្លាក់ចុះ ១ ។ ដោយ ធម៌នេះឯង ។ បេ ។ ៥