គិលានសូត្រទី ១ ជាដើម

ក្បាលទី 29 · ទំព័រ 39

សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវនជិតក្រុងវេសាលី ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទី សម្ងំក្នុងសាយ័ណ្ហសម័យ ចូលទៅឯគិលានសាលា ( មន្ទីរពេទ្យព្យាបាល ជំងឺ ) ។ ព្រះអង្គបានឃើញភិក្ខុ ១ រូប មានជំងឺកម្លាំងដាប លុះឃើញហើយក៏ គង់លើអាសនៈ ដែលគេក្រាលថ្វាយ ។ លុះព្រះដ៏មានព្រះភាគគង់ស៊ប់ហើយ ទើបត្រាស់ទៅនឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ( បើ ) ធម៌ ៥ យ៉ាង មិនលះបង់នូវបុគ្គលណាមួយ ដែលមានជំងឺកម្លាំងដាបទេ គុណវិសេសនុ៎ះ នឹងកើតប្រាកដដល់បុគ្គលនោះ គឺបុគ្គលនោះ មិនយូរបុន្មាន នឹងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិនិងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ ទៅនៃអាសវៈ ដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ។ ធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ រឿយៗ ក្នុងកាយថា មិនស្អាត ១ ជាអ្នកសម្គាល់ ក្នុងអាហារថា ជារបស់ បដិកូល ១ ជាអ្នកសម្គាល់ក្នុងលោកទាំងអស់ថាជាសភាពមិនគួរត្រេកអរ ១ ជាអ្នកពិចារណាឃើញរឿយៗ ក្នុងសង្ខារទាំងពួងថា មិនទៀង ១ ទាំងមរណ សញ្ញារបស់បុគ្គលនោះ ក៏តាំងនៅស៊ប់ក្នុងសន្តាន ១ ។ ម្នាលភិក្ខុទាំងឡាយ ( បើ ) ធម៌ទាំង ៥ យ៉ាងនេះ មិនលះបង់បុគ្គលណាមួយ ដែលមានជំងឺកម្លាំង ដាបទេ គុណវិសេសនុ៎ះ នឹងកើតប្រាកដដល់បុគ្គលនោះ គឺបុគ្គលនោះ មិន យូរបុន្មាន នឹងធ្វើឲ្យជាក់ច្បាស់ សម្រេច ។ បេ ។ ព្រោះអស់អាសវៈ ។ ៥