ទុតិយឧបដ្ឋាកសូត្រ

ក្បាលទី 29 · ទំព័រ 42

ម្នាលភិក្ខុទាំងឡាយ អ្នកបម្រើជំងឺប្រកបដោយធម៌ ៥ យ៉ាង មិនគួរនឹងបម្រើជំងឺទេ ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ គឺជា អ្នកមិនប្រសប់ចាត់ចែងថ្នាំ ១ មិនស្គាល់នូវការសប្បាយ និងមិនសប្បាយ ១ ធ្វើអ្នកជំងឺឲ្យឈមទៅរកការមិនសប្បាយ ទាំងមិននាំសេចក្តីសប្បាយចូលមក បម្រើជំងឺដោយចង់បានអាមិស មិនបម្រើដោយមេត្តាចិត្ត ជាអ្នកខ្ពើមចំពោះ ការនាំយកឧច្ចារៈបស្សាវៈ កម្ហួត ឬទឹកមាត់ទៅចោល ១ ជាអ្នកមិនប្រសប់ ធ្វើអ្នកជំងឺឲ្យយល់ឃើញ ឲ្យកាន់យក ឲ្យក្លៀវក្លា ឲ្យរីករាយ ដោយធម្មីកថា តាមកាលគួរ ១ ។ ម្នាលភិក្ខុទាំងឡាយ អ្នកបម្រើជំងឺប្រកបដោយធម៌ ៥ យ៉ាង នេះឯង មិនគួរនឹងបម្រើជំងឺបានឡើយ ។ ម្នាលភិក្ខុទាំងឡាយ អ្នកបម្រើជំងឺ ប្រកបដោយធម៌ ៥ យ៉ាង ទើបគួរនឹងបម្រើជំងឺបាន ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ គឺជាអ្នកប្រសប់ចាត់ចែងថ្នាំ ១ ស្គាល់នូវការសប្បាយ និងមិនសប្បាយ ១ នាំចេញនូវសេចក្តីមិនសប្បាយធ្វើអ្នកជំងឺឲ្យឈមទៅរក ការសប្បាយ ១ បម្រើជំងឺដោយមេត្តាចិត្ត មិនបម្រើដោយចង់បានអាមិស ទាំងមិនខ្ពើមចំពោះការនាំយកឧច្ចារៈបស្សាវៈ កម្ហួត ឬទឹកមាត់ទៅចោល ១ ជាអ្នកប្រសប់ ធ្វើអ្នកជំងឺឲ្យយល់ឃើញ ឲ្យកាន់យក ឲ្យក្លៀវក្លា ឲ្យរីករាយ ដោយធម្មីកថា តាមកាលគួរ ១ ។ ម្នាលភិក្ខុទាំងឡាយ អ្នកបម្រើជំងឺប្រកបដោយ ធម៌ ៥ យ៉ាង នេះឯង ទើបគួរនឹងបម្រើជំងឺបាន ។