អដ្ឋកថា សមណទុក្ខសូត្រ

ក្បាលទី 29 · ទំព័រ 48

ម្នាលភិក្ខុទាំងឡាយ សមណទុក្ខ ( ទុក្ខរបស់សមណៈ ) នេះ មាន ៥ យ៉ាង ។ ទុក្ខ ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនសន្តោសដោយចីវរ តាមមានតាមបាន ១ មិន សន្តោសដោយបិណ្ឌបាត តាមមានតាមបាន ១ មិនសន្តោសដោយសេនាសនៈ តាមមានតាមបាន ១ មិនសន្តោសដោយគិលានប្បច្ចយភេសជ្ជបរិក្ខារ តាម មានតាមបាន ១ ប្រព្រឹត្តព្រហ្មចរិយធម៌ ទាំងមិនត្រេកអរ ១ ។ ម្នាលភិក្ខុ ទាំងឡាយ សមណទុក្ខមាន ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ សមណសុខ ( សុខរបស់សមណៈ ) មាន ៥ យ៉ាង ។ សុខ ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកសន្តោស ដោយចីវរ តាមមានតាមបាន ១ សន្តោសដោយបិណ្ឌបាត តាមមានតាមបាន ១ សន្តោសដោយ សេនាសនៈ តាមមានតាមបាន ១ សន្តោសដោយ គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ១ ប្រព្រឹត្តព្រហ្មចរិយៈដោយ សេចក្តីត្រេកអរ ១ ។ ម្នាលភិក្ខុទាំងឡាយ សមណសុខ មាន ៥ យ៉ាង នេះឯង ។ ៥ ក្នុងសមណទុក្ខសូត្រទី ៨ មានអត្ថងាយយល់ហើយ ។