សម្បទាសូត្រ និងអដ្ឋកថា

ក្បាលទី 29 · ទំព័រ 51

ម្នាលភិក្ខុទាំងឡាយ សេចក្តីវិនាសនេះ មាន ៥ យ៉ាង ។ សេចក្តីវិនាស ៥ យ៉ាង តើដូចម្តេចខ្លះ ។ គឺវិនាសញាតិ ១ វិនាសទ្រព្យ ១ វិនាសព្រោះរោគ ១ វិនាសសីល ១ វិនាសទិដ្ឋិ ១ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុវិនាសញាតិ ឬព្រោះហេតុវិនាសទ្រព្យ ឬក៏ហេតុតែវិនាស ព្រោះរោគក៏ទេ ម្នាលភិក្ខុទាំងឡាយ ពួកសត្វបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុវិនាសសីល ឬព្រោះ ហេតុវិនាសទិដ្ឋិ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីវិនាស មាន ៥ យ៉ាងនេះ ឯង ។ ម្នាលភិក្ខុទាំងឡាយ ការបរិបូណ៌នេះ មាន ៥ យ៉ាង ។ ការបរិបូណ៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ គឺបរិបូណ៌ដោយញាតិ ១ បរិបូណ៌ដោយទ្រព្យ ១ បរិបូណ៌ដោយការមិនមានរោគ ១ បរិបូណ៌ដោយសីល ១ បរិបូណ៌ដោយ ទិដ្ឋិ ១ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វបែកធ្លាយ រាងកាយស្លាប់ទៅ ទៅ កើត ឯសុគតិសួគ៌ទេវលោក ព្រោះហេតុបរិបូណ៌ដោយញាតិ ឬព្រោះហេតុតែ បរិបូណ៌ដោយទ្រព្យ ឬក៏ព្រោះហេតុតែបរិបូណ៌ ដោយការមិនមានរោគក៏ទេ ម្នាលភិក្ខុទាំងឡាយ ពួកសត្វបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតឯសុគតិ សួគ៌ទេវលោក ព្រោះហេតុបរិបូណ៌ដោយសីល ឬព្រោះហេតុបរិបូណ៌ដោយ ទិដ្ឋិ ។ ម្នាលភិក្ខុទាំងឡាយ ការបរិបូណ៌មាន ៥ យ៉ាង នេះឯង ។ គិលានវគ្គទី ៣ ចប់ ឧទ្ទាននៃគិលានវគ្គនោះ គឺ និយាយអំពីភិក្ខុមានជំងឺ ១ អំពីតម្កល់ស្មារតី ១ អំពី បុគ្គលបម្រើជំងឺ ២ លើក អំពីអាយុ ២ លើក អំពី បុគ្គលមិនគួរចេញចាកសង្ឃ ១ អំពីទុក្ខ ១ អំពីបុគ្គល ជាអ្នកកម្រើក ១ អំពីការបរិបូណ៌ ១ ។