ចក្កសូត្រ

ក្បាលទី 29 · ទំព័រ 53

ម្នាលភិក្ខុទាំងឡាយ ព្រះរាជាចក្រពត្តិ ប្រកបដោយអង្គ ៥ យ៉ាង រមែងញ៉ាំងអាណាចក្រឲ្យប្រព្រឹត្តទៅ ដោយកុសលធម៌ អាណាចក្រ នោះ សត្វជាសត្រូវមានជាតិជាមនុស្សណាមួយ មិនអាចឲ្យប្រព្រឹត្តទៅបាន ឡើយ ប្រកបដោយអង្គ ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជា ចក្រពត្តិក្នុងលោកនេះ ទ្រង់ឈ្វេងយល់នូវប្រយោជន៍ ( នៃរាជការ ) ១ ទ្រង់ចាំនូវប្រវេណីធម៌ ១ ទ្រង់ស្គាល់ប្រមាណក្នុងអាជា ឬគ្រឿងបូជា ១ ទ្រង់ ស្គាល់កាល ១ ទ្រង់ស្គាល់បរិសទ្យ ១ ។ ម្នាលភិក្ខុទាំងឡាយ ព្រះរាជាចក្រពត្តិ ប្រកបដោយអង្គ ៥ យ៉ាងនេះឯង រមែងញ៉ាំងព្រះរាជអាណាចក្រឲ្យប្រព្រឹត្ត ទៅដោយធម៌ អាណាចក្រនោះ សត្វជាសត្រូវមានជាតិជាមនុស្សណាមួយមិន អាចឲ្យប្រព្រឹត្តទៅបានឡើយ ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតជាអរហន្ត សម្មាសម្ពុទ្ធ ប្រកបដោយធម៌ ៥ ប្រការដូច្នោះដែរ ទើបញ៉ាំងធម្មចក្រដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅដោយធម៌បាន ធម្មចក្រនោះឯង ទោះបីសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬបុគ្គលណាមួយ ក្នុងលោក មិនអាចឲ្យប្រព្រឹត្តទៅ បានឡើយ ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធក្នុងលោកនេះជាអ្នកដឹងអត្ថ ១ ដឹងធម៌ ១ ដឹងប្រមាណ ១ ដឹងកាល ១ ដឹងបរិសទ្យ ១ ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងញ៉ាំង ធម្មចក្រដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅ ដោយធម៌បានធម្មចក្រនោះឯង ទោះបី សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬបុគ្គលណាមួយ ក្នុង លោក មិនអាចឲ្យប្រព្រឹត្តទៅបានឡើយ ។