អដ្ឋកថាអក្ខមសូត្រ

ក្បាលទី 29 · ទំព័រ 83

គប្បីជ្រាបវិនិច្ឆ័យក្នុងអក្ខមសូត្រទី ៩ ដូចតទៅនេះ បទថា ហត្ថិកាយំ បានដល់ ទ័ពដំរី ក្នុងបទដ៏សេសទាំងឡាយ ក៏ន័យនេះដូចគ្នា ។ ឈ្មោះថា សង្គាមាវចរ ព្រោះត្រាច់ទៅក្នុងសង្រ្គាម ។ បទថា ឯកិស្សា វាតិ ណោទកទត្តិយា វិមានិតោ សេចក្តីថា មិនបានទទួលស្មៅ និងទឹកត្រឹមតែ មួយពេលក្នុងមួយថ្ងៃ អធិប្បាយថា មិនបានស្មៅ និងទឹកត្រឹមតែមួយថ្ងៃ ។ ន័យបន្ទាប់ពីនេះទៅ ក៏ដូចគ្នា ។ បទថា ន សក្កោតិ ចិត្តំ សមាទហិតុំ សេចក្តីថា មិនអាចតាំងចិត្តទុកដោយប្រពៃក្នុងអារម្មណ៍ ។ ពាក្យដ៏សេស ក្នុងសូត្រនេះ ងាយយល់ទាំងអស់ហើយ តែក្នុងសូត្រនេះ គប្បីជ្រាបថា ទ្រង់ត្រាស់វដ្តៈផង និងវិវដ្តៈផង ។