អដ្ឋកថាអារភសូត្រ

ក្បាលទី 29 · ទំព័រ 97

គប្បីជ្រាបវិនិច្ឆ័យក្នុងអារភសូត្រទី ២ ដូចតទៅនេះ បទថា អារភតិ ច វិប្បដិសារី ច ហោតិ សេចក្តីថា ភិក្ខុព្យាយាមកន្លងអាបត្តិ ហើយជាអ្នកក្តៅក្រហាយ ព្រោះការកន្លងអាបត្តិនោះជាហេតុ ។ បទថា ចេតោវិមុត្តឹ បញ្ញាវិមុត្តឹ បានដល់ អរហត្តសមាធិ និងអរហត្តផលញ្ញាណ ។ បទថា នប្បជានាតិ បានដល់ មិនដឹង ព្រោះមិនទាន់សម្រេច ។ បទថា អារភតិ ន វិប្បដិសារី ហោតិ បានដល់ ត្រូវអាបត្តិ តែជាអ្នកមិនក្តៅក្រហាយ ព្រោះចេញចាកអាបត្តិហើយ ។ បទថា ន អារភតិ វិប្បដិសារី ហោតិ បានដល់ ត្រូវអាបត្តិម្តង ហើយចេញចាកអាបត្តិនោះ ខាងក្រោយ មិនត្រូវទៀតក៏ពិត តែក៏បន្ទោបង់សេចក្តីក្តៅក្រហាយ មិនបាន ។ បទថា ន អារភតិ ន វិប្បដិសារី ហោតិ បានដល់ មិនត្រូវអាបត្តិផង មិនជាអ្នក ក្តៅក្រហាយផង ។ បទថា តញ្ច ចេតោវិមុត្តឹ ។ បេ ។ និរុជ្ឈន្តិ បានដល់ មិនទាន់សម្រេចព្រះអរហត្ត ។ លោកពោលដល់ព្រះខីណាស្រពដោយ ន័យទី ៥ ។ បទថា អារភជា បានដល់ បានកើត ព្រោះកន្លងអាបត្តិ ។ បទថា វិប្បដិសារជា បានដល់ កើតអំពីការក្តៅក្រហាយ ។ បទថា បវឌ្ឍន្តិ បានដល់ អាសវៈទាំងឡាយចម្រើន ព្រោះកើតរឿយៗ ។ បទថា អារភចេ អាសវេ បហាយ បានដល់ លះអាសវៈទាំងឡាយ ដែលកើតព្រោះកន្លងអាបត្តិ ។ ដោយការសម្តែងអាបត្តិឬដោយការចេញចាកអាបត្តិ ។ បទថា បដិវិនោទេត្វា បានដល់ នាំចេញដោយការពិចារណា ដល់នូវភាពជាអ្នក តាំងនៅក្នុងសេចក្តី បរិសុទ្ធិ ។ បទថា ចិត្តំ បញ្ញញ្ច ភាវេតុ បានដល់ ចូរបំពេញវិបស្សនាចិត្ត និងបញ្ញាដែលសម្បយុត្តដោយវិបស្សនាចិត្តនោះ ។ បទដ៏សេស គប្បីជ្រាប ដោយឧបាយនេះ ។