បឋមសទ្ធម្មនិយាមសូត្រ

ក្បាលទី 29 · ទំព័រ 116

ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាង សូម្បី ស្តាប់ព្រះសទ្ធម្ម ក៏មិនគួរដើម្បីឈានចុះកាន់និយាមគឺមគ្គ ជាសភាពដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយបាន ។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេចខ្លះ ។ គឺមើលងាយពាក្យពោល ១ មើលងាយបុគ្គលអ្នកពោល ១ មើលងាយខ្លួន ឯង ១ មានចិត្តរវើរវាយស្តាប់ធម៌ ១ មានចិត្តមិននឹងនួននៅក្នុងអារម្មណ៍តែ មួយ គឺមិនយកចិត្តទុកដាក់ ដោយឧបាយប្រាជ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាងនេះ សូម្បីស្តាប់ព្រះសទ្ធម្ម ក៏មិនគួរដើម្បី ឈានចុះកាន់និយាម ជាសភាពដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយបាន ។ ម្នាល ភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាង កាលស្តាប់ព្រះសទ្ធម្ម គួរ ដើម្បីឈានចុះកាន់និយាម ជាសភាពដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយបាន ។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេចខ្លះ ។ គឺមិនមើលងាយពាក្យពោល ១ មិនមើលងាយបុគ្គលអ្នកពោល ១ មិនមើលងាយខ្លួនឯង ១ មានចិត្តមិន រវើរវាយស្តាប់ធម៌ ១ មានចិត្តនឹងនួននៅក្នុងអារម្មណ៍តែមួយ គឺយកចិត្តទុកដាក់ ដោយឧបាយប្រាជ្ញា ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាងនេះឯង កាលស្តាប់ព្រះសទ្ធម្ម ទើបគួរដើម្បីឈានចុះកាន់ទីនិយាម ជាសភាពដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយបាន ។