ទុតិយសទ្ធម្មនិយាមសូត្រ

ក្បាលទី 29 · ទំព័រ 119

ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាងសូម្បី ស្តាប់ព្រះសទ្ធម្ម ក៏មិនគួរដើម្បីឈានចុះកាន់និយាម ជាសភាពដ៏ប្រពៃ ក្នុង កុសលធម៌ទាំងឡាយបាន ។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេចខ្លះ ។ គឺ មើលងាយពាក្យពោល ១ មើលងាយបុគ្គលអ្នកពោល ១ មើលងាយខ្លួន ឯង ១ អប្បឥតប្រាជ្ញាល្ងង់ខ្លៅលលា ១ សម្គាល់ថា បានដឹងក្នុងហេតុដែល ខ្លួនមិនដឹង ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាងនេះឯង សូម្បីស្តាប់ព្រះសទ្ធម្ម ក៏មិនគួរដើម្បីឈានចុះកាន់និយាម ជាសភាពដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយបាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាង កាលស្តាប់ព្រះសទ្ធម្ម ទើបគួរដើម្បីឈានចុះកាន់និយាម ជាសភាព ដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយបាន ។ ប្រកបដោយធម៌ ៥ យ៉ាង ដូចម្តេច ខ្លះ ។ គឺមិនមើលងាយពាក្យពោល ១ មិនមើលងាយបុគ្គលអ្នកពោល ១ មិនមើលងាយខ្លួនឯង ១ ជាអ្នកមានប្រាជ្ញា មិនល្ងង់ខ្លៅ មិនលលា ១ មិន សម្គាល់ថា បានដឹងក្នុងហេតុ ដែលខ្លួនមិនបានដឹង ១ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៥ យ៉ាងនេះឯង កាលស្តាប់ព្រះសទ្ធម្ម ទើបគួរដើម្បី ឈានចុះកាន់និយាម ជាសភាពដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយបាន ។