បឋមសទ្ធម្មសម្មោសសូត្រ
ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តទៅដើម្បីឲ្យ ព្រះសទ្ធម្ម សាបសូន្យ អន្តរធានទៅ ។ ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយក្នុងសាសនានេះ មិនស្តាប់ធម៌ដោយគោរព ១ មិនរៀនធម៌ដោយគោរព ១ មិនទ្រទ្រង់ ( ចាំទុក ) ធម៌ដោយគោរព ១ មិន ពិចារណាអត្ថនៃធម៌ ដែលខ្លួនទ្រទ្រង់ហើយដោយគោរព ១ ដឹងអត្ថ ដឹងធម៌ ហើយ មិនប្រតិបត្តិធម៌តាមសមគួរដល់ធម៌ដោយគោរព ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តទៅដើម្បីឲ្យព្រះសទ្ធម្មសាបសូន្យ អន្តរធាន ទៅ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តទៅដើម្បីឲ្យព្រះសទ្ធម្ម ឋិតថេរ មិនសាបសូន្យ មិនអន្តរធានទៅ ។ ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយក្នុងសាសនានេះ ស្តាប់ធម៌ដោយគោរព ១ រៀនធម៌ដោយគោរព ១ ទ្រទ្រង់ធម៌ដោយគោរព ១ ពិចារណាអត្ថនៃធម៌ដែល ខ្លួនទ្រទ្រង់ហើយដោយគោរព ១ ដឹងអត្ថ ដឹងធម៌ ហើយប្រតិបត្តិធម៌តាមសមគួរ ដល់ធម៌ដោយគោរព ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង ប្រព្រឹត្ត ទៅដើម្បីឲ្យព្រះសទ្ធម្មឋិតថេរ មិនសាបសូន្យ មិនអន្តរធានទៅ ។