អដ្ឋកថាឧទាយិសូត្រ
ក្បាលទី 29 · ទំព័រ 138
គប្បីជ្រាបវិនិច្ឆ័យក្នុងឧទាយិសូត្រទី ៩ ដូចតទៅនេះ បទថា អនុបុព្វីកថំ កថេស្សាមិ សេចក្តីថា លើកលំដាប់នៃទេសនា យ៉ាងនេះថា សីលក្នុងលំដាប់ទាន ស្ថានសួគ៌ក្នុងលំដាប់សីល ឬបទព្រះសូត្រ ឬបទគាថា ណាមួយ ឬគប្បីតាំងចិត្តថា អាត្មាអញនឹងពោលកថា សមគួរដល់បទនោះៗ ហើយសម្តែងធម៌ដល់អ្នកដទៃ ។ បទថា បរិយាយទស្សាវី បានដល់ សម្តែង ដល់ហេតុនោះៗ នៃអត្ថនោះៗ ។ ពិតហើយ ក្នុងសូត្រនេះៗ លោកពោលហេតុ ថា បរិយាយ ។ បទថា អនុទ្ទយតំ បដិច្ច បានដល់ អាស្រ័យការអាណិត អាសូរថា អញនឹងដោះសត្វទាំងឡាយ ដែលដល់នូវសេចក្តីលំបាកច្រើន អំពី សេចក្តីលំបាកនេះ ។ បទថា ន អាមិសន្តរោ បានដល់ មិនឃើញតែអាមិស អធិប្បាយថា មិនប្រាថ្នាលាភ គឺបច្ច័យ ៤ ដើម្បីខ្លួនឡើយ ។ បទថា អត្តានញ្ច បរញ្ច អនុបហច្ច បានដល់ មិនបៀតបៀនខ្លួន និងអ្នកដទៃ ដោយ ការបៀតបៀននូវគុណ ដោយលើកខ្លួន សង្កត់សង្កិនអ្នកដទៃ ។