ទុព្វិនោទយសូត្រ
ក្បាលទី 29 · ទំព័រ 139
ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ កើតឡើងហើយបន្ទោបង់ បានដោយកម្រ ។ ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ ។ គឺរាគៈកើតឡើងហើយ បន្ទោបង់ បានដោយកម្រ ១ ទោសៈកើតឡើងហើយ បន្ទោបង់បានដោយកម្រ ១ មោហៈ កើតឡើងហើយ បន្ទោបង់បានដោយកម្រ ១ បដិភាណៈ ( ការល្មោភនិយាយ ) កើតឡើងហើយ បន្ទោបង់បានដោយកម្រ ១ គមិកចិត្ត ( ចិត្តប្រាថ្នានឹងទៅ ) កើតឡើងហើយ បន្ទោបង់បានដោយកម្រ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ កើតឡើងហើយ បន្ទោបង់បានដោយកម្រ ។ សទ្ធម្មវគ្គទី ១ ចប់ ឧទ្ទាននៃសទ្ធម្មវគ្គនោះ គឺ និយាយអំពីការទូន្មានខ្លួន ដោយព្រះសទ្ធម្មមាន ៣ លើក អំពីសេចក្តីសាបសូន្យនៃព្រះសទ្ធម្មមាន ៣ លើក អំពី ពាក្យពោលអាក្រក់ ១ អំពីសេចក្តីញញើតញញើម ១ អំពីព្រះឧទាយិ ១ អំពីធម៌ដែលបន្ទោបង់បាន ដោយ កម្រ ១ ។