បឋមអាឃាតប្បដិវិនយសូត្រ

ក្បាលទី 29 · ទំព័រ 142

ម្នាលភិក្ខុទាំងឡាយ គំនុំកើតឡើងដល់ភិក្ខុ ភិក្ខុត្រូវកម្ចាត់បង់ ដោយសព្វគ្រប់ ព្រោះអាឃាតប្បដិវិន័យណា អាឃាតប្បដិវិន័យនេះមាន ៥ យ៉ាង ។ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ គំនុំកើតឡើងចំពោះ បុគ្គលណា ភិក្ខុត្រូវចម្រើនមេត្តាចិត្តចំពោះបុគ្គលនោះ ។ ភិក្ខុត្រូវកម្ចាត់បង់ គំនុំពីបុគ្គលនោះចេញ ដោយប្រការយ៉ាងនេះ ១ ។ ម្នាលភិក្ខុទាំងឡាយ គំនុំ កើតឡើងចំពោះបុគ្គលណា ភិក្ខុត្រូវចម្រើនករុណាចិត្តចំពោះបុគ្គលនោះ ។ ភិក្ខុ ត្រូវកម្ចាត់បង់គំនុំពីបុគ្គលនោះចេញ ដោយប្រការយ៉ាងនេះ ១ ។ ម្នាលភិក្ខុ ទាំងឡាយ គំនុំកើតឡើងចំពោះបុគ្គលណា ភិក្ខុត្រូវចម្រើនឧបេក្ខាចិត្តចំពោះ បុគ្គលនោះ ។ ភិក្ខុត្រូវកម្ចាត់បង់គំនុំពីបុគ្គលនោះចេញ ដោយប្រការយ៉ាងនេះ ១ ។ ម្នាលភិក្ខុទាំងឡាយ គំនុំកើតឡើងចំពោះបុគ្គលណា ភិក្ខុត្រូវប្រតិបត្តិនូវ ការមិនធ្វើទុកក្នុងចិត្ត ដោយស្មារតីចំពោះបុគ្គលនោះ ។ ភិក្ខុត្រូវកម្ចាត់បង់គំនុំ ពីបុគ្គលនោះចេញ ដោយប្រការយ៉ាងនេះ ១ ។ ម្នាលភិក្ខុទាំងឡាយ គំនុំកើតឡើង ចំពោះបុគ្គលណា ភិក្ខុត្រូវតាំងទុកនូវភាពនៃខ្លួន ជាអ្នកមានកម្មជារបស់ខ្លួន ចំពោះបុគ្គលនោះថា អ្នកនេះ មានកម្មជារបស់ខ្លួន ជាអ្នកទទួលយកនូវកម្ម មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីពំនាក់ អ្នកនេះនឹងធ្វើកម្ម ណា ទោះល្អក្តី អាក្រក់ក្តី គង់អ្នកនោះទទួលយកកម្មនោះពុំខានឡើយ ។ ភិក្ខុ ត្រូវកម្ចាត់បង់គំនុំពីបុគ្គលនោះចេញ ដោយប្រការយ៉ាងនេះ ១ ។ ម្នាលភិក្ខុ ទាំងឡាយ គំនុំកើតឡើងដល់ភិក្ខុ ភិក្ខុត្រូវកម្ចាត់បង់ដោយសព្វគ្រប់ ព្រោះ អាឃាតប្បដិវិន័យណា អាឃាតប្បដិវិន័យនេះមាន ៥ យ៉ាង ។