អដ្ឋកថាបឋមអាឃាតប្បដិវិនយសូត្រ

ក្បាលទី 29 · ទំព័រ 143

គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមអាឃាតប្បដិវិនយសូត្រទី ១ នៃ អាឃាតវគ្គទី ២ ដូចតទៅនេះ ឈ្មោះថា អាឃាតប្បដិវិនយ ព្រោះអត្ថថា ស្ងប់រម្ងាប់ចាក អាឃាត ។ បទថា យត្ថ ភិក្ខុនោ ឧប្បន្នោ អាឃាតោ សព្វសោ បដិវិនេតព្វោ សេចក្តីថា អាឃាតកើតឡើងដល់ភិក្ខុក្នុងអារម្មណ៍ ណា គប្បីរម្ងាប់អាឃាតទាំងអស់នោះក្នុងអារម្មណ៍នោះ ដោយអាឃាតប្បដិវិន័យ គឺធម៌រម្ងាប់អាឃាត ទាំង ៥ នេះ ។ បទថា មេត្តា តស្មឹ បុគ្គលលេ ភាវេតព្វា សេចក្តីថា គប្បីចម្រើនមេត្តា ដោយតិកជ្ឈាន និងចតុក្កជ្ឈាន ។ ក្នុងករុណា ក៏មានន័យនេះដូចគ្នា ។ តែឧបេក្ខាគួរចម្រើនដោយចតុក្កជ្ឈាន និង បញ្ចកជ្ឈាន ។ ព្រោះចិត្តរបស់បុគ្គលដែលឃើញបុគ្គលណាមិនទាន់រលត់ ទើប មុទិតាមិនប្រាកដក្នុងបុគ្គលនោះ ដូច្នោះ ទើបមិនពោលដល់មុទិតា ។ បទថា អសតិ អមនសិការោ បានដល់ គប្បីកាត់នូវការរពឫកដល់ក្នុងបុគ្គលនោះ ដោយអាការដែលបុគ្គលនោះមិនប្រាកដដូចជាយកជញ្ជាំងជាដើមរាំង ដូច្នោះ ។ បទដ៏សេស ងាយយល់ទាំងអស់ហើយ ព្រោះមានន័យដូចពោលហើយ ខាងដើម ។