អដ្ឋកថាទុតិយអាឃាតប្បដិវិនយសូត្រ

ក្បាលទី 29 · ទំព័រ 151

គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយអាឃាតប្បដិវិនយសូត្រទី ២ ដូច្នេះ ឈ្មោះថា អាឃាតប្បដិវិនយ ព្រោះគួររម្ងាប់អាឃាតក្នុងបុគ្គលទាំង ៥ នោះក្តី ព្រោះគួររម្ងាប់អាឃាតដោយធម៌ទាំង ៥ នោះក្តី ។ ពិតហើយ បទថា បដិវិនយា នេះ ជាឈ្មោះរបស់វត្ថុដែលគួររម្ងាប់ខ្លះ ហេតុដែលគួររម្ងាប់ ខ្លះ ។ ទាំង ២ យ៉ាងនោះ ក៏ត្រូវក្នុងទីនេះ ។ បុគ្គលទាំងឡាយ ៥ ជាបដិវិនយវត្ថុ គឺវត្ថុដែលគួររម្ងាប់ ។ បដិបទា ៥ ឧបមា ៥ ឈ្មោះថា បដិវិនយការណ គឺហេតុដែលគួររម្ងាប់ ។ បទថា លភតិ ច កាលេន កាលំ ចេតសោ វិវរំ ចេតសោ បសាទំ សេចក្តីថា បុគ្គលនោះគង់បានឱកាស ពោលគឺ ឱកាសដែលចិត្តជាសមថៈ និងវិបស្សនាកើតបាន និងការផូរផង់ ពោល គឺភាពជាអ្នកផូរផង់ដោយសទ្ធាជាគ្រាដំបូង ។ បទថា រថិយាយ បានដល់ រវាងវិថី ។ បទថា នន្តកំ បានដល់ កំណាត់សំពត់ចាស់ៗ ។ បទថា និគ្គហិត្វា បានដល់ ជាន់ហើយ ។ បទថា យោ តត្ថ សារោ បានដល់ ចំណែកណា ក្នុងសំពត់ផ្នែកនោះនៅល្អ ។ បទថា តំ បរិបតេត្វា បានដល់ ហែកចំណែកនោះ ។ ក្នុងបទថា ឯវមេវ ខោ នេះ គប្បីឃើញថា នៅដោយមេត្តា ដូចភិក្ខុកាន់យកសំពត់បង្សុកូលជាវត្ត បុគ្គលដែលមានពៀរ ដូចសំពត់ចាស់លើវិថី ភាពជាអ្នកមានកាយសមាចារ មិនបរិសុទ្ធ ដូចកំណាត់សំពត់ប្រឡាក់ ភាពជាអ្នកមានវចីសមាចារបរិសុទ្ធ ដូចសំពត់ដែលនៅល្អ គប្បីឃើញថា ពេលដែលមិនដាក់ចិត្តដល់ភាពជាអ្នក មានកាយសមាចារមិនបរិសុទ្ធ ដាក់ចិត្តដល់ភាពជាអ្នកមានវចីសមាចារបរិសុទ្ធ រម្លត់ចិត្តុប្បាទក្នុងបុគ្គលដែលជាសត្រូវនឹងគ្នា ហើយនៅយ៉ាងផាសុក ដូច ពេលដែលបោះកំណាត់សំពត់ប្រឡាក់ចោល កាន់យកចំណែកដែលល្អដេរ ជ្រលក់ ហើយដណ្តប់ត្រាច់ទៅ ។