សាជីវសូត្រ និងអដ្ឋកថា
ក្បាលទី 29 · ទំព័រ 156
ព្រះសារីបុត្តដ៏មានអាយុ មានថេរវាចានឹងពួកភិក្ខុ ក្នុងទីនោះ ថា ។ បេ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង គួរដល់ សាជីវៈ ជាមួយនឹងសព្រហ្មចារីទាំងឡាយបាន ។ ធម៌ ៥ យ៉ាង តើដូចម្តេច ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានភិក្ខុជាអ្នកបរិបូណ៌ដោយ សីលខ្លួនឯង ទាំងព្យាករនូវប្រស្នាដែលមក ក្នុងសីលសម្បទាកថា ១ បរិបូណ៌ ដោយសមាធិខ្លួនឯង ទាំងព្យាករនូវប្រស្នាដែលមក ក្នុងសមាធិសម្បទាកថា ១ បរិបូណ៌ដោយបញ្ញាខ្លួនឯង ទាំងព្យាករនូវប្រស្នាដែលមក ក្នុងបញ្ញាសម្បទាកថា ១ បរិបូណ៌ដោយវិមុត្តិខ្លួនឯង ទាំងព្យាករនូវប្រស្នាដែលមក ក្នុងវិមុត្តិសម្បទា កថា ១ បរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈខ្លួនឯង ទាំងព្យាករនូវប្រស្នាដែលមក ក្នុងវិមុត្តិញ្ញាណទស្សនសម្បទាកថា ១ ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុប្រកបដោយ ធម៌ ៥ យ៉ាងនេះឯង គួរដល់សាជីវៈជាមួយនឹងសព្រហ្មចារីទាំងឡាយ បាន ។