អដ្ឋកថាចោទនាសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងចោទនាសូត្រទី ៧ ដូចតទៅនេះ បទថា ចោទកេន សេចក្តីថា ភិក្ខុដែលជាអ្នកចោទ ចោទដោយចោទនវត្ថុ ៤ គឺចង្អុល វត្ថុ ចង្អុលអាបត្តិ ហាមសង្វាស ហាមសាមីចិកម្ម ។ ក្នុងបទថា កាលេន វក្ខាមិ នោ អកាលេន នេះ ព្រះសារីបុត្រពោលដល់កាលរបស់ភិក្ខុដែល ត្រូវចោទ គឺចុងចោទមិនបានពោលដល់កាលរបស់ដើមចោទ ។ ពិតហើយ ភិក្ខុដែលចោទអ្នកដទៃ មិនគួរចោទក្នុងកណ្តាលបរិស័ទ ឬក្នុងរោងឧបោសថ បវារណា ឬត្រង់បន្ទប់អង្គុយ និងបន្ទប់ឆាន់ជាដើម ។ ក្នុងវេលាអង្គុយក្នុងទី សម្រាកពេលថ្ងៃ គួរសូមឱកាសយ៉ាងនេះថា បពិត្រលោកម្ចាស់ ចូរឲ្យ ឱកាស ខ្ញុំបំណងនឹងពោលជាមួយលោកម្ចាស់ ដូច្នេះហើយ សឹមចោទ សម្លឹង ដល់បុគ្គលឡេះឡោះណា ពោលពាក្យមិនពិត លើកទោសដល់ភិក្ខុ បុគ្គលឡេះឡោះនោះ មិនត្រូវសូមឱកាសចោទឡើយ ។ បទថា ភូតេន គឺ ដោយពិត ដោយសភាវៈ ។ បទថា សណ្ហេន គឺដោយសុភាពរាបសា ។ បទថា អត្ថសញ្ហិតេន បានដល់ ប្រកបដោយភាពជាអ្នកបំណងល្អ ប្រាថ្នា នូវប្រយោជន៍ ។ បទថា អវិប្បដិសារោ ឧបទហិតព្វោ បានដល់ មិនឲ្យ កើតសេចក្តីក្តៅក្រហាយ ។ បទថា អលន្តេ អវិប្បដិសារាយ បានដល់ អ្នក គួរជាបុគ្គលមិនក្តៅក្រហាយ ។ បទដ៏សេសក្នុងសូត្រនេះ មានអត្ថងាយ យល់ទាំងអស់ហើយ ។