អដ្ឋកថាបីតិសូត្រ

ក្បាលទី 29 · ទំព័រ 198

គប្បីជ្រាបវិនិច្ឆ័យក្នុងបីតិសូត្រទី ៦ ដូចតទៅនេះ បទថា កិន្តិ មយំ បានដល់ អាត្មាអញគប្បីចូលដល់វិវេកបីតិ ដោយឧបាយណា ។ បទថា បវិវេកបីតឹ បានដល់ បីតិដែលអាស្រ័យបឋមជ្ឈាន និងទុតិយជ្ឈាន កើតឡើង ។ បទថា កាមូបសញ្ញិតំ បានដល់ ទុក្ខអាស្រ័យកាម គឺអាស្រ័យ កាម ២ យ៉ាង ប្រារព្ធកាម ២ យ៉ាងកើតឡើង ។ បទថា អកុសលូបសញ្ញិតំ សេចក្តីថា កាលគិតថា អញនឹងបាញ់ម្រឹគ ជ្រូកជាដើម ដូច្នេះ បាញ់ព្រួញ ខុសទៅ ទុក្ខទោមនស្សអាស្រ័យអកុសលយ៉ាងនេះថា អញបាញ់ខុសទៅ ហើយ ដូច្នេះ កើតឡើង ឈ្មោះថា ប្រកបដោយអកុសល ។ កាលបាញ់មិនខុស ក្នុងឋានៈបែបនោះ សុខសោមនស្សកើតឡើងថា អញបាញ់ល្អហើយ អញ ប្រហារល្អហើយ ដូច្នេះ ឈ្មោះថា ប្រកបដោយអកុសល ។ តែទុក្ខទោមនស្សដែលកើតឡើង ព្រោះឧបករណ៍ មានទានជាដើម មិនទាន់ព្រម គប្បី ជ្រាបថា ប្រកបដោយកុសល ។