អដ្ឋកថា រាជសូត្រ
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់នូវហេតុនោះដូចម្តេច អ្នកទាំងឡាយដែលឃើញ ដែលឮថា បុរសនេះបានលះបាណាតិបាត វៀរចាកបាណាតិបាត ស្តេចទាំងឡាយចាប់បុរសនោះហើយ សម្លាប់ ចង បណ្តេញ ឬធ្វើឲ្យគួរតាមទោស ព្រោះហេតុតែវៀរចាកបាណាតិបាតដែរឬទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនោះមិនដែលមានទេ ។ ម្នាលភិក្ខុទាំងឡាយ ត្រូវ ហើយ ម្នាលភិក្ខុទាំងឡាយ ទោះបីតថាគតក៏មិនដែលឃើញ មិនដែលឮហេតុនុ៎ះ ថា បុរសនេះបានលះបង់បាណាតិបាត វៀរចាកបាណាតិបាត ស្តេចទាំងឡាយ ចាប់នូវបុរសនោះហើយ សម្លាប់ ចង បណ្តេញ ឬធ្វើឲ្យគួរតាមទោស ព្រោះហេតុតែវៀរចាកបាណាតិបាតដែរ ។ មួយទៀត អ្នកផងតែងដឹងនូវបាបកម្ម របស់បុរសនោះថា បុរសនេះសម្លាប់ប្រុសឬស្រីចាកជីវិត ស្តេចទាំងឡាយ ចាប់បុរសនោះ សម្លាប់ ចង បណ្តេញ ឬធ្វើឲ្យសមគួរតាមទោស ព្រោះហេតុតែ បាណាតិបាត ។ អ្នកទាំងឡាយដែលឃើញ ដែលឮបែបនេះ ដែរឬទេ ។ បពិត្រព្រះអង្គដ៏ចម្រើន ពួកខ្ញុំព្រះអង្គដែលឃើញ ដែលឮរួចមកហើយ គង់នឹង ឮតទៅទៀត មិនខាន ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សម្គាល់នូវ ហេតុនោះ ថាដូចម្តេច អ្នកទាំងឡាយ ដែលឃើញ ដែលឮថា បុរសនេះ បានលះនូវអទិន្នាទាន វៀរចាកអទិន្នាទាន ស្តេចទាំងឡាយ ចាប់បុរសនោះ ហើយ សម្លាប់ផង បណ្តេញ ឬធ្វើតាមទោស ព្រោះហេតុតែវៀរចាកអទិន្នាទាន ដែរឬទេ ។ បពិត្រព្រះអង្គដ៏ចម្រើន មិនដែលបានឃើញ មិនដែលបាន ឮសោះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ ទោះបី តថាគត ក៏មិនដែលបានឃើញ មិនដែលបានឮ នូវហេតុនុ៎ះថា បុរសនេះ បានលះអទិន្នាទាន វៀរចាកអទិន្នាទាន ស្តេចទាំងឡាយ ចាប់បុរសនោះហើយ សម្លាប់ ចង បណ្តេញ ឬធ្វើតាមទោស ព្រោះហេតុតែវៀរចាកអទិន្នាទានដែរ ។