គិហិសូត្រ
គ្រានោះ អនាថបិណ្ឌិកគហបតីមានឧបាសកប្រមាណប្រាំរយ ជាបរិវារ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ ព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ បានត្រាស់នឹងព្រះសារីបុត្តដ៏មានអាយុថា ម្នាលសារីបុត្ត ពួកអ្នកគួរដឹងនូវ គ្រហស្ថនីមួយ ដែលស្លៀកស មានការងារសង្រួម ក្នុងសិក្ខាបទទាំង ៥ ប្រការផង បានតាមប្រាថ្នា បានមិនលំបាក បានមិនក្រ នូវការសម្រេចសម្រាន្ត ជាសុខក្នុងបច្ចុប្បន្ន អាស្រ័យនូវចេតសិកដ៏ខ្ពង់ខ្ពស់ទាំង ៤ ផង កាលបើ គ្រហស្ថនោះ ប្រាថ្នាព្យាករខ្លួនឯង ដោយខ្លួនឯងថា អាត្មាអញអស់នរកហើយ អស់កំណើតតិរច្ឆានហើយ អស់បិត្តិវិស័យហើយ អស់អបាយទុគ្គតិវិនិបាតហើយ អាត្មាអញជាសោតាបន្នបុគ្គល មិនមានការធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង មានសេចក្តីត្រាស់ដឹងទៅខាងមុខ ។ គ្រហស្ថដែលមានការងារសង្រួម ក្នុង សិក្ខាបទទាំង ៥ ប្រការ តើដូចម្តេច ។ ម្នាលសារីបុត្ត អរិយសាវកក្នុងសាសនា នេះ ជាអ្នកវៀរចាកបាណាតិបាត ១ វៀរចាកអទិន្នាទាន ១ វៀរចាកកាមេសុមិច្ឆាចារ ១ វៀរចាកមុសាវាទ ១ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន ១ ។ គ្រហស្ថជាអ្នកមានការងារសង្រួម ក្នុងសិក្ខាបទទាំង ៥ នេះ ។ គ្រហស្ថជា អ្នកបានតាមប្រាថ្នា បានមិនលំបាក បានមិនក្រ នូវការសម្រេចសម្រាន្ត ជាសុខ ក្នុងបច្ចុប្បន្ន អាស្រ័យនូវចេតសិកដ៏ខ្ពង់ខ្ពស់ទាំង ៤ តើដូចម្តេច ។ ម្នាលសារីបុត្ត អរិយសាវកក្នុងសាសនានេះ ប្រកបដោយសេចក្តីជ្រះថ្លាមិនញាប់ញ័រ ក្នុង ព្រះពុទ្ធថា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់ឆ្ងាយចាកកិលេស ទ្រង់ត្រាស់ដឹង ដោយប្រពៃ បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវត្រៃ លោក ប្រសើរ