អដ្ឋកថាគិហិសូត្រ

ក្បាលទី 29 · ទំព័រ 210

គប្បីជ្រាបវិនិច្ឆ័យក្នុងគិហិសូត្រទី ៩ ដូចតទៅនេះ បទថា សំវុតកម្មន្តំ គឺមានការងារដែលរារាំងហើយ ។ បទថា អាភិចេតសិកានំ គឺ អាស្រ័យចិត្តខ្ពស់ ។ បទថា ទិដ្ឋធម្មសុខវិហារានំ បានដល់ នៅជាសុខក្នុងធម៌ ដែលប្រចក្ស គឺក្នុងបច្ចុប្បន្ននេះឯង ។ បទថា អរិយកន្តេហិ បានដល់ សីល ក្នុងមគ្គផលដែលអរិយៈទាំងឡាយប្រាថ្នាហើយ ។ លោកពោលសីល ៥ ថា អរិយធម៌ ក្នុងបទថា អរិយធម្មំ សមាទាយ នេះ ។ បទថា មេរយំ វារុណឹ បានដល់ មេរ័យ ៤ យ៉ាង និងសុរា ៥ យ៉ាង ។ បទថា ធម្មញ្ចានុវិតក្កយេ បានដល់ គប្បីត្រិះរិះដោយរពឫកដល់លោកុត្តរធម៌ ៩ ។ បទថា អព្យាបជ្ឈំ ហិតំ ចិត្តំ បានដល់ ចិត្តដែលប្រកបដោយព្រហ្មវិហារ មានមេត្តាជាដើមដែល មិនមានទុក្ខ ។ បទថា ទេវលោកាយ ភាវយេ បានដល់ គប្បីចម្រើនដើម្បី ព្រហ្មលោក ។ បទថា បុញ្ញត្ថស្ស ជិគឹសតោ បានដល់ បុគ្គលត្រូវការបុណ្យ ស្វែងរកបុណ្យ ។ បទថា សន្តេសុ បានដល់ ក្នុងព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និង សាវ័ករបស់ព្រះតថាគត ។ បទថា វិបុលា ហោតិ ទក្ខិណា បានដល់ ទាន ដែលឲ្យហើយយ៉ាងនេះ រមែងមានផលច្រើន ។ បទថា អនុបុព្វេន បានដល់ ដោយលំដាប់ មានបំពេញសីលជាដើម ។ បទដ៏សេសមានអត្ថដែលពោល ហើយ ក្នុងតិកនិបាតនោះឯង ។