ភវេសិសូត្រ

ក្បាលទី 29 · ទំព័រ 211

សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់ត្រាច់ទៅកាន់ចារិកក្នុងដែន កោសល ជាមួយនឹងភិក្ខុសង្ឃជាច្រើន ។ ព្រះដ៏មានព្រះភាគទ្រង់ពុទ្ធដំណើរ ទៅកាន់ផ្លូវឆ្ងាយ បានទតឃើញព្រៃសាលព្រឹក្សដ៏ធំ ក្នុងប្រទេសមួយ លុះទ្រង់ ទតឃើញហើយ ក៏យាងចុះអំពីផ្លូវ ស្តេចទៅកាន់ព្រៃសាលព្រឹក្សនោះ លុះ ចូលទៅដល់ហើយ ក៏អាស្រ័យនៅនឹងព្រៃសាលព្រឹក្សនោះ រួចទ្រង់ធ្វើនូវការ ញញឹម ឲ្យប្រាកដត្រង់ប្រទេសមួយ ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ មានបរិវិតក្កៈ យ៉ាងនេះថា អ្វីហ្ន៎ ដែលជាហេតុ អ្វីហ្ន៎ ដែលជាបច្ច័យ នាំឲ្យព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនូវការញញឹមឲ្យប្រាកដ ។ ( ព្រោះ ) ព្រះតថាគតទាំងឡាយ មិនដែលធ្វើនូវការញញឹម ដោយឥតហេតុឡើយ ។ លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ បានក្រាបទូលសួរព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាហេតុ អ្វីហ្ន៎ ជាបច្ច័យ នាំឲ្យព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនូវការញញឹមឲ្យប្រាកដ ។ ( ព្រោះ ) ព្រះតថាគតទាំងឡាយ មិនដែលធ្វើនូវការញញឹមឲ្យប្រាកដ ដោយឥត ហេតុឡើយ ។ ម្នាលអានន្ទ ហេតុធ្លាប់មានមកហើយថា ត្រង់ប្រទេសនេះ មាននគរមួយ ជានគរស្តុកស្តម្ភ មាំមួន មានជនច្រើន មានមនុស្សកុះករ ។ ម្នាលអានន្ទ មួយទៀត ព្រះដ៏មានព្រះភាគព្រះនាមកស្សប អរហន្តសម្មាសម្ពុទ្ធ ទ្រង់ចូលទៅអាស្រ័យក្នុងនគរនោះ ។ ម្នាលអានន្ទ ព្រះដ៏មានព្រះភាគ ព្រះនាមក ស្សប អរហន្តសម្មាសម្ពុទ្ធ មានឧបាសកម្នាក់ឈ្មោះភវេសី ជាអ្នក មិនបានធ្វើឲ្យបរិបូណ៌ ក្នុងសីលទាំងឡាយទេ ។ ម្នាលអានន្ទ ទាំងពួក ឧបាសកចំនួនប្រាំរយ ដែលភវេសីឧបាសក បានសម្តែងពន្យល់ឲ្យសមាទាន ហើយ ក៏ជាអ្នកមិនបានធ្វើឲ្យបរិបូណ៌ ក្នុងសីលទាំងឡាយដែរ ។