ទោណសូត្រ

ក្បាលទី 29 · ទំព័រ 233

គ្រានោះឯង ទោណព្រាហ្មណ៍ បានចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយ ក៏អង្គុយ ក្នុងទីសមគួរ ។ លុះទោណព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលព្រះ ដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គបានឮថា ព្រះសមណ គោតមមិនសំពះ មិនក្រោកទទួលព្រាហ្មណ៍ទាំងឡាយដែលចាស់ គ្រាំគ្រា ជាព្រឹទ្ធាចារ្យមានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុ ជ្រុលចូលមកក្នុងបច្ឆិមវ័យហើយ មិនអញ្ជើញដោយអាសនៈ ។ បពិត្រព្រះគោតម ដ៏ចម្រើន ពាក្យដែលខ្ញុំបានឮមកនោះជាប្រាកដថា ព្រះគោតមដ៏ចម្រើន មិនសំពះ មិនក្រោកទទួលព្រាហ្មណ៍ទាំងឡាយដែលចាស់គ្រាំគ្រា ជាព្រឹទ្ធាចារ្យ មានអាយុច្រើនរស់នៅបានយូរឆ្នាំមកហើយ មានអាយុជ្រុលចូលមកក្នុងបច្ឆិមវ័យហើយ មិនអញ្ជើញដោយអាសនៈ ។ បពិត្រព្រះគោតមដ៏ចម្រើន កិច្ចមាន ការមិនសំពះជាដើមនោះ ជាទំនងពុំសមគួរឡើយ ។ ម្នាលទោណៈ អ្នកមិន ប្តេជ្ញាថាជាព្រាហ្មណ៍ទេឬ ។ បពិត្រព្រះគោតមដ៏ចម្រើន បុគ្គលកាលនឹងពោល នូវរឿងនោះឲ្យត្រូវ គួរពោលថា ព្រាហ្មណ៍អ្នកមានកំណើតស្អាតទាំងពីរខាង គឺខាងមាតា និងខាងបិតា កើតចាកគភ៌ដ៏បរិសុទ្ធ ដរាបអំពីតំណនៃជីដូនជីតាជា គម្រប់ ៧ មិនមានអ្នកណារិះគន់តិះដៀល ដោយពោលដល់ជាតិកំណើតបាន ជាអ្នករាយមន្ត ចេះចាំមន្ត ចេះចប់ត្រៃវេទ ព្រមទាំងគម្ពីរនិឃណ្ឌុ និងគម្ពីរ កេដុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរឥតិហាសៈជា គម្រប់ ៥ ជាអ្នកដឹងនូវបទនិងវេយ្យាករណ៍ ជាអ្នកមិនថោកថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតស្រាស្តនិងមហាបុរិសលក្ខណព្យាករណស្រា