ការណបាលីសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងកូដាគារសាលា ជិតមហាវ័ន ក្បែរក្រុងវេសាលី ។ ក៏ក្នុងសម័យនោះឯង ការណបាលិព្រាហ្មណ៍ ( ព្រាហ្មណ៍ឈ្មោះការណបាលី ) តែងប្រើជនឲ្យធ្វើការងាររបស់ពួកលិច្ឆវិរាជ ។ ការណបាលិព្រាហ្មណ៍បានឃើញបិង្គិយានិព្រាហ្មណ៍ ( ព្រាហ្មណ៍ឈ្មោះបិង្គិយានិ ) កំពុងដើរមកអំពីចម្ងាយ ក៏និយាយទៅនឹងបិង្គិយានិព្រាហ្មណ៍ដូច្នេះថា បិង្គិយានិដ៏ចម្រើន មកពីណាហ្ន៎ ក្នុងវេលាថ្ងៃត្រង់ ។ ម្នាលអ្នកដ៏ចម្រើន ខ្ញុំ ទើបនឹងមកអំពីសំណាក់ព្រះសមណគោតម ក្នុងទីឯណោះ ។ បិង្គិយានិដ៏ចម្រើន សម្គាល់នូវហេតុនោះដូចម្តេច សម្គាល់ក្នុងសេចក្តីឈ្លាសវៃ ដោយប្រាជ្ញារបស់ ព្រះសមណគោតមថា ជាបណ្ឌិតឬ ។ ម្នាលអ្នកដ៏ចម្រើន ខ្ញុំជាអ្វី ខ្ញុំនឹងដឹង ក្នុងការឈ្លាសវៃ ដោយប្រាជ្ញារបស់ព្រះសមណគោតមដូចម្តេចបាន ។ បុគ្គល ណាដឹងក្នុងការឈ្លាសវៃ ដោយប្រាជ្ញារបស់ព្រះសមណគោតមបាន បុគ្គល នោះស្រដៀងគ្នានឹងព្រះសមណគោតមដោយពិត ឮថាបិង្គិយានិដ៏ចម្រើនរមែង សរសើរព្រះសមណគោតម ដោយពាក្យសរសើរដ៏លើសលុបដូច្នេះ ម្នាល អ្នកដ៏ចម្រើន ខ្ញុំជាអ្វី ខ្ញុំនឹងសរសើរព្រះសមណគោតមដូចម្តេច ។ ព្រះគោតម ដ៏ចម្រើននោះ ប្រសើរក្រៃពេក ប្រសើរជាងទេវតា និងមនុស្សទាំងឡាយដូច្នេះ បិង្គិយានិដ៏ចម្រើន ឃើញនូវអំណាចប្រយោជន៍ដូចម្តេច បានជាជ្រះថ្លាក្នុងព្រះសមណ គោតមយ៉ាងនេះ ម្នាលអ្នកដ៏ចម្រើន ដូចបុរសដែលឆ្អែតដោយរសដ៏ ប្រសើរ រមែងមិនប្រាថ្នានូវរសទាំងឡាយដទៃ ដ៏ថោកទាបឡើយ យ៉ាងណាមិញ ម្នាលអ្នកដ៏ចម្រើន ( បុរស ) រមែងស្តាប់ធម៌ ទោះបីជាសុត្តៈ ឬជា គេយ្យៈ ទោះបីជាវេយ្យាករណៈ ឬជាអព្ភូតធម្មៈ របស់ព្រះគោតមដ៏ចម្រើន នោះ ក្នុងកាលណាៗ ហើយ ( បុរសនោះ ) ក៏