អដ្ឋកថាការណបាលីសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងការណបាលីសូត្រទី ៤ ដូចតទៅនេះ បទថា ការណបលី ជាឈ្មោះនៃព្រាហ្មណ៍នោះ ។ ព្រាហ្មណ៍ ឈ្មោះថា ការណបាលី ព្រោះធ្វើរាជការក្នុងរាជសម្នាក់ ។ បទថា កម្មន្តំ ការេតិ សេចក្តីថា ការណបាលីព្រាហ្មណ៍ក្រោកអំពីព្រឹក ធ្វើទ្វារប៉ម និងកំពែង ដែល មិនទាន់បានលាប ពិនិត្យមើលទីដែលបាក់បែក ។ បទថា បិង្គិយានឹ ព្រាហ្មណំ បានដល់ ព្រាហ្មណ៍ដែលជាអរិយសាវ័ក តាំងនៅក្នុងអនាគាមិផល ទើបមានឈ្មោះយ៉ាងនេះ ។ បានឮថា ព្រាហ្មណ៍ នោះក្រោកអំពីព្រលឹម កាន់នូវគ្រឿងក្រអូប និងផ្កាជាដើម ទៅគាល់ព្រះសាស្តា ថ្វាយបង្គំហើយ បូជាដោយផ្កាជាដើម ហើយទើបចូលក្រុង ។ នេះ ជាកិច្ចវត្តប្រចាំថ្ងៃរបស់ព្រាហ្មណ៍ ។ ការណបាលីព្រាហ្មណ៍នោះ បានឃើញ បិង្គិយានីធ្វើកិច្ចវត្តយ៉ាងនោះហើយ កំពុងដើរមក ។ បទថា ឯតទវោច សេចក្តីថា ការណបាលីព្រាហ្មណ៍គិតថា ព្រាហ្មណ៍ នេះមានបញ្ញា មានញាណចាស់ក្លា ទៅណាមកណា អំពីព្រលឹមហ្ន៎ ឃើញ ព្រាហ្មណ៍ដើរចូលមកជិតដោយលំដាប់ ទើបពោលពាក្យជាដើមថា ហន្ទកុតោ ដូច្នេះ ។ ក្នុងបទទាំងនោះ បទថា ទិវា ទិវស្ស បានដល់ ពេលថ្ងៃ អធិប្បាយថា ថ្ងៃត្រង់ ។ បទថា បណ្ឌិតោ មញ្ញតិ ក្នុងសូត្រនេះ មានអត្ថថា ការណបាលីព្រាហ្មណ៍ គិតថា បិង្គិយានីព្រាហ្មណ៍ រមែងសម្គាល់ព្រះសមណគោតមថាជាបណ្ឌិត ឬ មិនមែនហ្ន៎ ។ បទថា កោចាហម្ភោ សេចក្តីថា លោកដ៏ចម្រើន ខ្ញុំជានរណា ដែលថា ដឹងដល់ការឈ្លាសវៃ នៃបញ្ញារបស់ព្រះសមណគោតមបាននោះ ។