សុបិនសូត្រ
ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ នៅជាពោធិសត្វមិនទាន់ត្រាស់ដឹងនៅឡើយ មុនអំពីត្រាស់ដឹង មានមហាសុបិន ៥ យ៉ាង កើតឡើងប្រាកដ ។ មហាសុបិន ៥ នោះ តើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ កាលព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ នៅជាពោធិសត្វមិន ទាន់ត្រាស់ដឹងនៅឡើយ មុនអំពីត្រាស់ដឹង មហាប្រឹថពីនេះជាសំណិងដ៏ប្រសើរ ស្តេចភ្នំឈ្មោះហិមវន្តជាខ្នើយ ព្រះហស្តឆ្វេងសណ្តូកចុះក្នុងសមុទ្រខាងកើត ព្រះហស្តស្តាំសណ្តូកចុះ ក្នុងសមុទ្រខាងលិច ព្រះបាទទាំងគូសណ្តូកចុះ ក្នុង សមុទ្រខាងត្បូង ។ ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ នៅជាពោធិសត្វមិនទាន់បានត្រាស់ដឹងនៅឡើយ មុនអំពីត្រាស់ដឹង មហាសុបិនទី ១ នេះ ក៏កើតឡើងប្រាកដ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត កាលព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ នៅជាពោធិសត្វ មិនទាន់ត្រាស់ដឹង នៅឡើយ មុនអំពីត្រាស់ដឹង មានស្មៅចិញ្ចៀន ១ សរសៃ ដុះលេចអំពីផ្ចិត ទៅទល់នឹងអាកាស ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធ នៅជាពោធិសត្វមិនទាន់ត្រាស់ដឹងនៅឡើយ មុនអំពីត្រាស់ដឹង មហាសុបិនទី ២ នេះ ក៏កើតឡើងប្រាកដ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត កាល ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ នៅជាពោធិសត្វមិនទាន់ត្រាស់ដឹងនៅឡើយ មុនអំពីត្រាស់ដឹង មានពួកសត្វដង្កូវខ្លួនស ក្បាលខ្មៅ វារចេញអំពី ព្រះបាទទាំងគូ ( ចាប់ដើមអំពីចុងក្រចក ) ចោមរោមជិត ដរាបដល់មណ្ឌល នៃជង្គង់ ម្នាលភិក្ខុទាំងឡាយ កាលព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ នៅជា ពោធិសត្វមិនទាន់ត្រាស់ដឹងនៅឡើយ មុនអំពីត្រាស់ដឹង មហាសុបិនទី ៣ នេះ ក៏កើតឡើងប្រាកដ ។