ហេតុនៃសុបិន ៤ យ៉ាង
គប្បីជ្រាបវិនិច្ឆ័យក្នុងសុបិនសូត្រទី ៦ ដូចតទៅនេះ បទថា មហាសុបិនា សេចក្តីថា ឈ្មោះថា មហាសុបិន ព្រោះមហាបុរសគប្បី យល់សប្តិ និងព្រោះភាពជានិមិត្តនៃប្រយោជន៍ធំ ។ បទថា បតុរហេសុំ ប្រែ ថា បានប្រាកដហើយ ។ ក្នុងបទនោះ បុគ្គលយល់សប្តិ រមែងយល់សប្តិ ដោយហេតុ ៤ ប្រការ គឺព្រោះធាតុកម្រើក ១ ព្រោះធ្លាប់កើតមកអំពីមុន ១ ព្រោះទេវតាបណ្តាល ១ ព្រោះបុព្វនិមិត្ត ១ ។ ក្នុងសុបិនទាំងនោះ បុគ្គល ធាតុកម្រើក ព្រោះប្រមាត់ជាដើមជាហេតុធ្វើឲ្យកម្រើក រមែងយល់សប្តិព្រោះ ធាតុកម្រើក កាលយល់សប្តិ រមែងយល់សប្តិច្រើនយ៉ាង ដូចជាយល់សប្តិ ថា ធ្លាក់អំពីភ្នំ ហោះទៅតាមអាកាស ថាត្រូវម្រឹគកាច ដំរី និងចោរជាដើម ដេញតាម ។ កាលយល់សប្តិដោយធ្លាប់កើតមកអំពីមុន រមែងយល់សប្តិ ដល់អារម្មណ៍ដែលមកហើយក្នុងកាលមុន ។ សម្រាប់បុគ្គលយល់សប្តិដោយ ទេវតាបណ្តាលចិត្ត ទេវតារមែងបណ្តាលអារម្មណ៍ច្រើនយ៉ាង ព្រោះបំណង ល្អក៏មាន បំណងអាក្រក់ក៏មាន បុគ្គលនោះ រមែងយល់សប្តិឃើញអារម្មណ៍ ទាំងនោះ ដោយអានុភាពនៃទេវតាទាំងនោះ កាលយល់សប្តិដោយបុព្វនិមិត្ត រមែងយល់សប្តិដែលជាបុព្វនិមិត្តនៃប្រយោជន៍ ឬនៃការវិនាស និងកើត ដោយអំណាចបុណ្យបាប ដូចព្រះជននីរបស់ព្រះពោធិសត្វ បាននិមិត្តក្នុងការបាន ព្រះឱរស ឬដូចព្រះបាទកោសល ទ្រង់សុបិនឃើញហេតុ ១៦ ប្រការ និងដូចព្រះមានព្រះភាគអង្គនេះ កាលនៅជាព្រះពោធិសត្វ ទ្រង់សុបិនឃើញ មហាសុបិន ៥ ប្រការនេះ ។