កិមិលសូត្រ
បញ្ចមបណ្ណាសក ៣ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជិតស្រុកកិមិលា ។ គ្រានោះ ព្រះកិមិលៈដ៏មានអាយុចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយ ក្នុងទីដ៏សមគួរ ។ លុះព្រះកិមិលៈដ៏មានអាយុអង្គុយក្នុងទីដ៏សមគួរហើយ បាន ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ចុះហេតុ ដូចម្តេច បច្ច័យដូចម្តេច ដែលព្រះតថាគតបរិនិព្វានទៅ ព្រះសទ្ធម្មមិនប្រតិស្ឋាន នៅយូរបាន ។ ម្នាលកិមិលៈ កាលព្រះតថាគតបរិនិព្វានទៅ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ មិនគោរព មិនកោតក្រែងក្នុងព្រះសាស្តា មិនគោរព មិនកោតក្រែង ក្នុងព្រះធម៌ មិនគោរព មិនកោតក្រែង ក្នុងព្រះសង្ឃ មិនគោរព មិនកោតក្រែង ក្នុងសិក្ខា មិនគោរព មិនកោតក្រែង នូវ គ្នានិងគ្នា ។ ម្នាលកិមិលៈ នេះឯងជាហេតុ នេះជាបច្ច័យ ដែលព្រះតថាគត បរិនិព្វានទៅ ព្រះសទ្ធម្មមិនប្រតិស្ឋាននៅយូរបាន ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលព្រះតថាគតបរិនិព្វានទៅ ព្រះសទ្ធម្ម ប្រតិស្ឋាននៅយូរបាន ។ ម្នាលកិមិលៈ កាលព្រះតថាគតបរិនិព្វានទៅ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ មានសេចក្តីគោរព កោត ក្រែង ក្នុងព្រះសាស្តា មានសេចក្តីគោរព កោតក្រែងក្នុងព្រះធម៌ មានសេចក្តី គោរព កោតក្រែង ក្នុងព្រះសង្ឃ មានសេចក្តីគោរពកោតក្រែង ក្នុងសិក្ខា មានសេចក្តីគោរពកោតក្រែង នូវគ្នានិងគ្នា ។