អដ្ឋកថាកិមិលសូត្រ
បញ្ចមបណ្ណាសក ៣ គប្បីជ្រាបវិនិច្ឆ័យ ក្នុងកិម្ពិលសូត្រទី ១ នៃបញ្ចមបណ្ណាសក ដូចតទៅនេះ បទថា កិម្ពិលាយំ បានដល់ ក្នុងនគរមានឈ្មោះយ៉ាងនេះ ។ បទថា វេឡុវនេ គឺក្នុងព្រៃមុច្ចលិន ។ បទថា ឯតទវោច បានឮថា ព្រះថេរៈ នេះ ជាសេដ្ឋីបុត្រក្នុងនគរនោះ បួសក្នុងសម្នាក់ព្រះសាស្តា បាននូវបុព្វេនិវាសញ្ញាណ ព្រះថេរៈនោះ កាលរពឫកដល់ខន្ធសន្តានរបស់ខ្លួនធ្លាប់អាស្រ័យ ហើយបួសហើយ ក្នុងកាលសាសនារបស់ព្រះកស្សបទសពលសាបសូន្យទៅ កាលបរិស័ទ ៤ មិនធ្វើសេចក្តីគោរពក្នុងសាសនា ទើបដាក់ជណ្តើរឡើងភ្នំ ធ្វើសមណធម៌លើភ្នំនោះ បានឃើញភាពដែលខ្លួនធ្លាប់អាស្រ័យហើយ លោក ចូលទៅគាល់ព្រះសាស្តា ហើយបំណងនឹងទូលសួរដល់ហេតុនោះដូច្នេះ ទើប ក្រាបទូលពាក្យជាដើមថា កោ នុ ខោ ភន្តេ ដូច្នេះ ជាមួយព្រះសាស្តានោះ ។ បទថា សត្ថរិ អគារវា វិហរន្តិ អប្បតិស្សា សេចក្តីថា រមែងមិនតាំង សេចក្តីគោរព និងភាពជាធំទុកក្នុងព្រះសាស្តា ។ ក្នុងបទដ៏សេស ក៏ន័យនេះ ដូចគ្នា ។ ក្នុងបទទាំងនោះ ភិក្ខុកាលដើរកាន់ឆត្រ ពាក់ស្បែកជើងត្រង់លានព្រះ ចេតិយជាដើមក្តី និយាយរឿងដែលមិនជាប្រយោជន៍ មានប្រការផ្សេងៗ ក្តី ឈ្មោះថា មិនគោរពក្នុងព្រះសាស្តា ។ ម្យ៉ាងទៀត អង្គុយនិទ្រាក្នុងរោងស្តាប់ ធម៌ក្តី និយាយរឿងដែលមិនជាប្រយោជន៍ មានប្រការផ្សេងៗ ក្តី ឈ្មោះថា មិនគោរពក្នុងព្រះធម៌ ។ កាលពោលដល់រឿងផ្សេងៗ លើកដៃគ្រវីកណ្តាល ជំនុំសង្ឃ មិនធ្វើការកោតក្រែងក្នុងភិក្ខុដែលជាថេរៈ នវក និងមជ្ឈិម ឈ្មោះ ថា មិនគោរពក្នុងសង្ឃ ។ កាលមិនធ្វើសិក្ខាឲ្យបរិបូណ៌ ឈ្មោះថា មិនគោរព ក្នុងសិក្ខា កាលធ្វើនូវជម្លោះទាស់ទែងដល់គ្នានិងគ្នាជាដើម ឈ្មោះថា មិន គោរពដល់គ្នានិងគ្នា ។